ផ្ទុះ​រឿង​ក្ដៅគគុក​ !​ សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាងប្តឹងប្រធាន និងអនុប្រធាន នាយកដ្ឋានប្រឆាំងបទល្មើស​សេដ្ឋកិច្ចចូលខុទ្ទការល័យ សម្តេចតេជោ ហ៊ុន សែន សុំអន្តរាគមន៍រកយុត្តិធម៌

ភ្នំពេញ ៖ សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ បានដាក់លិខិតសុំអន្តរាគមន៍ ចូលខុទ្ទការល័យ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យសម្តេចជួយរកយុត្តិធម៌ ពាក់ព័ន្ធករណីមន្ត្រីជាន់ខ្ពស់ នៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ចុះអនុវត្តច្បាប់ខុសនីតិវិធី ក្លាយជាការយាយី ដល់អាជីវករដែលរកស៊ីស្របច្បាប់។

យោងតាមលិខិតសុំអន្តរាគមន៍ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ របស់សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ លោកស្រី ហ៊ីម សុភ័ក្រ្ក មុខរបរពាណិជ្ជករលក់គ្រឿងសម្អាង បានដាក់ពាក្យស្នើសុំសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង ដើម្បីឲ្យជួយអន្តរាគមន៍ទៅស្ថាប័នមានសមត្ថកិច្ចពិនិត្យ និងចាត់វិធានការចំពោះលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាន និងលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានដឹកនាំកម្លាំងមានគ្នាជិត២០នាក់ ចុះអនុវត្តសាលក្រមព្រហ្មទណ្ឌស្ថាពរលេខៈ៣៥៩៦ “ឃ១” ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ក្នុងសំណុំរឿងទណ្ឌលេខៈ ៥៣៤០ ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីយកសម្ភារតុលាការសម្រេចរឹបអូសតាមអំណាចសាលក្រមស្ថាពរ ដែលសមត្ថកិច្ចបានផ្ញើទុកនូវនឹងលោក អ៊ុច សម្បត្តិ ពីក្នុងផ្ទះរបស់លោកស្រី ហ៊ីម សុភ័ក្រ្ក អាសយដ្ឋានស្ថិតនៅផ្ទះលេខៈ ០៥ ផ្លូវធំភ្លោះ សង្កាត់ទទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយគ្មានការជូនដំណឹងជាផ្លូវការណាមួយដល់ម្ចាស់ផ្ទះ និងមិនមានការចូលរួមពីមន្ត្រី នៃសាលាដំបូងរាជធានីភ្នំពេញ និងមន្ត្រីអាជ្ញាសាលា នៃសាលាដំបូងរាជធានីភ្នំពេញនោះទេ។

លិខិតដដែលនេះបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ កន្លងទៅលោកឧត្ដមសេនីយ៍ទោ ឡុង ស្រេង បានដឹកនាំកម្លាំង ចុះអនុវត្តសាលក្រមព្រហ្មទណ្ឌស្ថាពរលេខៈ ៣៥៩៦ “ឃ១” ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ របស់សាលាដំបូងរាជធានីភ្នំពេញ នៅទីតាំងផ្ទះលេខៈ ០១ ផ្លូវQ០៦ (បុរីប៉េងហួត) សង្កាត់ទទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ម្ដងរួចហើយ។ នៅក្នុងការអនុវត្តនោះ លោកឧត្ដមសេនីយ៍ទោ ឡុង ស្រេង បានសម្រេចផ្ញើសម្ភារដែលតុលាការរឹបអូសក្រោយការអនុវត្តផ្ញើនៅនឹងឈ្មោះ អ៊ុច សម្បត្តិ ដើម្បីជួយរក្សាទុកជាបណ្ដោះអាសន្ន ក្រោមហេតុផលថា សមត្ថកិច្ចពុំទាន់មានកន្លែងទុកសម្ភារទាំងនោះ ដូចមានក្នុងកំណត់ហេតុអនុវត្ត ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ (ពុំបានកំណត់ទីតាំងរក្សាទុក)។

ក្រោយមកលោក អ៊ុច សម្បត្តិ បានយកសម្ភារដែលតុលាការរឹបអូសខាងលើ ទៅផ្ញើបន្តនៅនឹងផ្ទះរបស់លោកស្រី ហ៊ីម សុភ័ក្ដ្រ ជាបណ្ដោះអាសន្ន ដើម្បីរងចាំលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង មកទទួលយកទៅរក្សាទុកនៅទីតាំងរបស់សមត្ថកិច្ច។

ស្រាប់តែនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ថ្មីៗនេះ លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ជាប្រធាន និងលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាន នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានដឹកនាំកម្លាំងរបស់ខ្លួនចូលរុះរើស និងដឹកសម្ភារទាំងនោះ ចេញពីក្នុងផ្ទះរបស់លោកស្រី ហ៊ីម សុភ័ក្ដ្រ ដោយពុំបានជូនដំណឹងដល់លោក អ៊ុច សម្បត្តិ និងភាគីម្ចាស់ផ្ទះឈ្មោះ ហ៊ីម សុភ័ក្រ្ក ឲ្យត្រឹមត្រូវតាមច្បាប់ជាមុនឡើយ។ លើសពីនេះទៅទៀត លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន និងលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង   ព្រមទាំងបក្ខពួក បានគម្រាមវាយខ្នោះ និងចាប់ លោក អ៊ុច សម្បត្តិ និងម្ចាស់ផ្ទះឈ្មោះ ហ៊ីម សុភ័ក្រ្ក ដាក់គុកជាច្រើនលើកច្រើនសារទៀតផង។

គួរបញ្ជាក់ថា ទីតាំង នៃការអនុវត្តសាលក្រមព្រហ្មទណ្ឌលេខៈ៣៥៩៦ “ឃ១” ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ របស់សាលាដំបូងរាជធានីភ្នំពេញ នៅចំណុចផ្ទះលេខ០១ ផ្លូវQ០៦ (បុរីប៉េងហួត) សង្កាត់ទទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ចំណែកទីតាំងផ្ទះដែលមាន លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន និងលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង បានដឹកនាំកម្លាំង ចុះទៅរុះរើ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ មានអាសយដ្ឋានស្ថិតនៅផ្ទះលេខ០៥ ផ្លូវធំភ្លោះ សង្កាត់ទទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ  គឺជាកម្មសិទ្ធិរបស់លោកស្រី ហ៊ីម សុភ័ក្រ្ក ជាទីតាំងផ្ញើបណ្ដោះអាសន្ន(ខុសទីតាំង ខុសខណ្ឌ)។ ដូច្នេះ នៅមុនពេលចុះទៅរុះរើ និងដឹកជញ្ជូនសម្ភារដែលតុលាការរឹបអូសលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន និងលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង គួរតែជូនដំណឹងដល់ភាគីទទួលបញ្ញើ និងភាគីម្ចាស់ផ្ទះឲ្យបានដឹងជាមុនតាមនីតិវិធីច្បាប់។

សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង ចាត់ទុកទង្វើរបស់លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន និងលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង ព្រមទាំងបក្ខពួក គឺជាសកម្មភាពរំលោភលំនៅដ្ឋានរបស់ពលរដ្ឋដោយខុសច្បាប់។ ម្យ៉ាងវិញទៀត សកម្មភាពរបស់លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន និងលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង ព្រមទាំងបក្ខពួក ហាក់រំលោភអំណាចរបស់ស្ថាប័នតុលាការ ដែលជាម្ចាស់ករណីក្នុងសំណុំរឿងអនុវត្តដែលមានសាលក្រមស្ថាពររូចហើយ។

សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង ចាត់ទុកទង្វើ របស់លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន និងលោកឧត្តម​សេនីយ៍ទោ ឡុង ស្រេង ព្រមទាំងបក្ខពួក ជាការប្រាសចាកពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងជាពិសេសក្រសួងមហាផ្ទៃ ដែលតែងតែគាំពារអាជីករ ក្នុងវិស័យសហគ្រាសធនតូច និងមធ្យម ដែលមានពាណិជ្ជករជាពលរដ្ឋខ្មែរ។

អំពើធ្វើទុក្ខបុកម្នេញ លើអាជីវកម្មធន់តូច និងធម្យម របស់កម្លាំងសមត្ថកិច្ចបែបនេះ ត្រូវមហាជនទូទៅ និងមជ្ឈដ្ឋានអ្នកវិនិយោគ ចាត់ទុកថា ជាអំពើកៀបស៊ីស្រស់ៗ ក្រោមលេសអនុវត្តច្បាប់ ទាំងដឹងថាសហគ្រាសទាំងអស់នោះ បានព្យាយាមគោរពតាមច្បាប់រដ្ឋរួចហើយក្តី។ ការគំរាមកំហែងយាយី និងបំភិតបំភ័យវិស័យសហគ្រាសធនតូច និងមធ្យម ដែលមានពលរដ្ឋខ្មែរជាម្ចាស់ពីសំណាក់កងកម្លាំងសមត្ថកិច្ចបែបនេះ គឺប្រៀបបាននឹងការកាត់ផ្តាច់សរសៃឈាមសេដ្ឋកិច្ចរបស់ជាតិមួយផ្នែកធំ។

ជាងនេះទៅទៀត ទង្វើនេះក៏ជាការបន្លាចអាជីវករដទៃទៀតឲ្យខ្លាចរអា និងបាត់បង់ជំនឿចិត្តលើការអនុវត្តច្បាប់ ប្រកបដោយតម្លាភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រោះតែកិច្ចខិតខំប្រឹងប្រែង និងការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ចំពោះអ្នកវិនិយោគ ត្រូវបានបំផ្លាញចោលដោយក្រុមមន្ត្រីខិលខូចមួយក្តាប់តូចនេះ។

ប្រជាពលរដ្ឋ និងអ្នកវិនិយោគ សង្ឃឹមយ៉ាងមុតមាំថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ នឹងមិនបណ្តែតបណ្តោយ ឲ្យក្រុមជនមួយក្តាប់តូចនេះបន្តសកម្មភាព បំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល តាំងពីយូរណាស់មកហើយនោះទេ។

សូមបញ្ជាក់ថា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ហូ សិទ្ធី នាយខុទ្ទការល័យ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជូនបណ្តឹងអន្តរាគមន៍ របស់សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង ទៅជូន ឯកឧត្តម នាយកខុទ្ទការល័យ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ និងដាក់ជូនសម្តេចក្រឡាហោម ស ខេង។

មហាជន និងមជ្ឈដ្ឋានអ្នកវិនិយោគ កំពុងរងចាំមើលចំណាត់ការ នៃការអនុវត្តអភិក្រមទី៥ របស់រាជរដ្ឋាភិបាល ដើម្បីសបញ្ជាក់ពីការយកចិត្តទុកដាក់ និងការពារសិទ្ធិពាណិជ្ជករខ្មែរ ដែលកំពុងតែរកស៊ីស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *