ជនរងគ្រោះ​ អ៊ាត សុនិសា នៅតែ​បន្ត​ទទូច​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​ជួយដោះ​ស្រាយ​ដីធ្លី​ដែលមាន​ឯកសារស្រប​ច្បាប់ ក្រោយ​មាន​រំលោភ​យកជាកម្មសិទ្ធពីសំណាក់​លោកផ្កាយ​៣ ហួត ឈាង​អ៊ន

ភ្នំពេញ ៖ ករណីដីធ្លី​របស់ជនរងគ្រោះ អ៊ាត សុនិសា ដែលរងការ​រំលោភ​យកដីជាកម្មសិទ្ធ​ស្របច្បាប់របស់គាត់ ពី​សំណាក់​មន្ត្រី​យោធាជាន់ខ្ពស់ គឺ​លោក​ផ្កាយ​៣ ហួត ឈាងអ៊ន តួនាទី​នាយរងសេនាធិការចម្រុះ​នៃអគ្គបញ្ជាការដ្ឋាន​ក្រសួង​ការពារជាតិ​ នៅតែបន្ត​សកម្មភាព​ផ្សេង​ៗ​ ដើម្បី​​យកធ្វើជាកម្មសិទ្ធ​របស់ខ្លួន​ដដែល​។

ថ្លែង​ប្រាប់អង្គភាព​ព័ត៌មាន​ ស្ដ្រីរងគ្រោះ​ អ៊ាត​ សុនិសា បាន​ឲ្យដឹងថា ៖ ក្រោយ​ពីការអំពាវនាវ​របស់​អ្នកស្រី​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​ ដើម្បី​មាន​ដំណោះស្រាយជូន​រូប​គាត់ ក្នុង​នាម​ជាជនរងគ្រោះ​ម្នាក់​​ ដែលត្រូវ​បាន​មន្ត្រីយោធាជាន់​ខ្ពស់​បានប្រើ​គ្រឿង​ចក្រ​មក​ឈូសឆាយព្រុំ​យកយ៉ាងគឃ្លើន​។ ស្រាប់តែ​លោកផ្កាយ​៣ ហួត ឈាង​អ៊ន មិនព្រម​ធ្វើការ​ដោះ​ស្រាយ​ដោយ​សន្ដិវិធីនោះទេ បែជាប្ដឹងអ្នក​ស្រី​ជា​​ជនរងគ្រោះ​ទៅកាន់តុលាការ​ក្នុងការទាមទារសំណង​រាប់ម៉ឺនដុល្លារ​ទៅវិញ​ នេះហាក់ដូច​ប្រើសិទ្ធ​អំណាច​របស់ខ្លួន​ហួសហេតុពេកទៅហើយ​។

ស្ដ្រីរងគ្រោះ​បាន​បន្តថា ៖ អ្នក​ស្រីមិនខ្លាច​បំភ្លឺ​ក្នុង​ការ​ទាម​ទារ​ដីស្របច្បាប់នោះទេ ព្រោះ​ដរាប​ណា​មាន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺយុត្តិធម៌​នៅតែមាន​សម្រាប់ជនរងគ្រោះ​ដូចជាអ្នកស្រីដដែល​។ កន្លងមក​អ្នកស្រី​ ត្រូវ​បាន​លោកផ្កាយ​៣រូបនេះ បាន​ហៅ​អ្នកស្រី​ទៅកាន់អគ្គបញ្ជាការ​ដ្ឋាន​ ដោយ​ធ្វើការគំរាម​សព្វបែបយ៉ាង​ ព្រោះគេមានអំណាច​ខ្លាំង​ណាស់ ទើប​បានជា​ធ្វើបា​បអ្នកស្រី​ និង​ក្រុមគ្រួសារ​យ៉ាងដូច្នេះ។

ស្ត្រីរងគ្រោះ​ បាន​បញ្ជាក់ថា ៖ រូបគាត់មានលិខិតកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែង របស់រដ្ឋបាលព្រែកលៀប ដែល​មានទំហំដីធ្លី (១៨០ម៉ែត្រx៤៥ម៉ែត្រ) ស្ថិតនៅភូមិខ្នុរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ដីនេះត្រូវបានផ្ទេរសិទ្ធពីម្ចាស់ដើមឈ្មោះ ឡេង ផានិត (ម្ចាស់ដីកាន់កាប់តាំងពីឆ្នាំ១៩៩៥) តាំងពីថ្ងៃទី០៣ ខែមករា ឆ្នាំ​២០១៤ ឲ្យទៅស្ដ្រីរងគ្រោះឈ្មោះ អ៊ាត សុនិសា ដើម្បីអាស្រ័យផលលើដីនេះដោយស្របច្បាប់។

លុះកាន់កាប់មកដល់ឆ្នាំ២០១៨ ស្រាប់តែលោកផ្កាយ៣ម្នាក់ឈ្មោះ ហួត ឈាងអ៊ន មានតួនាទីជានាយរងសេនាធិការចម្រុះនៃអគ្គបញ្ជាការដ្ឋាន បានដឹកនាំកម្លាំងយោធា រថយន្តមានស្លាកលេខខេមរភូមិន្ទ យកគ្រឿងចក្រ (អេស្កា) មកឈូសឆាយព្រំដី និងកម្ទេចបង្គោលយកធ្វើកម្មសិទ្ធរបស់ខ្លួនយ៉ាងគឃ្លើនតែម្ដង។ បន្ទាប់​ពី​អ្នក​ស្រី​បាន​បង្ហាញ​ឯក​សារ​ផ្លូវ​ច្បាប់ដែល​ទទួល​ស្គាល់​ពី​លោក ឃ្លាំង​ ហួត អភិបាល​ខណ្ឌជ្រោយ​ចង្វារ​យ៉ាង​ណាក៏ដោយ​ នៅតែ​លោក​ផ្កាយ​៣​ នៅតែ​មិនព្រម​ទទួលស្គាល់​ និង​ផ្គើន​យកជាកម្មសិទ្ធដដែល។

សូមជ្រាប​ថា ៖ លិខិត​ផ្ទេសិទ្ធ​កាន់កាប់​ប្រើ​ប្រាស់ដីធ្លី​ និង​ផ្ទះ​សម្បែង​ (លេខ​:០០៩ល.ប) ដែលមាន​ឈ្មោះ ឡេង សំនិត ភេទ​ប្រុស​ អាយុ​៣៨ឆ្នាំ ជាម្ចាស់ដី​ស្រប​ច្បាប់​កាន់​កាប់​ដីធ្លី​ទំហំ​ (១៨០ម៉ែត្រ​x៤៥ម៉ែត្រ​) ស្ថិតនៅទីតាំង​ភូមិខ្ទុរ​ សង្កាត់​ព្រែក​លៀប ខណ្ឌជ្រោយ​ចង្វារ​ តាំង​ពីឆ្នាំ​១៩៩៥ រហូត​មក​ដល់ថ្ងៃទី​០៣ ខែមករា ឆ្នាំ២០១៤ បាន​ផ្ទេសិទ្ធ​កាន់កាប់​ដីធ្លី​ទៅ​ឲ្យឈ្មោះ អ៊ាត សុនិសា ភេទស្រី អាយុ​៤០ឆ្នាំ កាន់​កាប់​ប្រើ​ប្រាស់​ដីធ្លី​ ដែលមាន​លោក ឃ្លាំង​ ហួត អភិបាល​ខណ្ឌជ្រោយ​ចង្វារ​ចុះហត្ថលេខាទទួលស្គាល់​។

លិខិត​ផ្ទេសិទ្ធ​កាន់កាប់​ប្រើប្រាស់ដីធ្លី​ និងផ្ទះ​សម្បែង​ (លេខ​:០៣៤ល.ប) ដែលមានឈ្មោះ សុច​ សុខា ភេទស្រី អាយុ៤៧ឆ្នាំ ជាម្ចាស់​ដីកាន់​កាប់​​និង​ប្រើប្រាស់ដីធ្លីទំហំ​ (២០ម៉ែត្រ​x១០០ម៉ែត្រ​) តាំង​ពីឆ្នាំ១៩៩៦ រហូត​ដល់ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ២០១៤ បានផ្ទេសិទ្ធ​កាន់​កាប់​ប្រើប្រាស់ឲ្យទៅឈ្មោះ អ៊ាត សុនិសា ដើម្បី​កាន់កាប់បន្តនិង​ចុះហត្ថ​លេខាទទួលស្គាល់ដោយ​លោក​ ព្រាប មុនី ចៅសង្កាត់​ព្រែកលៀប​។

ដូច​បានជម្រាបជូន​ខាងលើនេះ បញ្ជាក់​ឲ្យឃើញ​ថា អ្នក​ស្រី អ៊ាត សុនិសា ពិត​ជាម្ចាស់កម្មសិទ្ធ​ស្រប​ច្បាប់​ក្នុង​ការប្រើ​ប្រាស់​ និង​អាស្រ័យ​ផល​លើដីនេះពិត​ប្រាកដមែន ហេតុអ្វីបាន​ជាលោកផ្កាយ​៣ ហួត ឈាងអ៊ន មានឯកសារ​អ្វីជា​សំអាង​ បាន​ជា​ចូលកាន់កាប់អាស្រ័យផល​លើដីមាន​ម្ចាស់ស្របច្បាប់បែបនេះ?

ជនរងគ្រោះ​សូមធ្វើការសំណូម​ពរ​ដល់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា មេត្តា​ជួយ​ជនរងគ្រោះ​ដែលរងការរំលោភ​បំពាន​នេះផង៕



Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *