រមណីយដ្ឋានថ្មី​​ “ភ្នំ​នាគ​ស” ក្នុង​ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ គ្រោង​បង្កើត​នឹងអាច​​ទាក់ទាញ​ភ្ញៀវ​ទេស​ចរ​ឲ្យ​ចូលកម្សាន្ត​កាន់តែច្រើន​

ពោធិ៍សាត់ ៖ រមណីយដ្ឋាន​ “ភ្នំ​នាគ​ស” ស្ថិតនៅ​ចំណុច​កាត់​កង់ ភូមិ​ខ្សាច់​ល្អិត​ ឃុំអន្សាចំបក់​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ដែលសំបូរ​ទៅ​ដោយ​បណ្ដុំ​ភ្នំ​គុហ៍​ កំពុង​ក្លាយជាតំបន់ទេសចរ​ណ៍​មួយមានការទាក់ទាញ​​យ៉ាង​ខ្លាំង​ រួមជា​មួយ​ទេសភាព​ដ៏ស្រស់ត្រកាល​នៅតំបន់នោះ​។

បើតាម​លោក សំឃីម ប្រធានមន្ទីរទេសចរណ៍​ខេត្ត​ពោធិ៍សាត់​ បាន​ថ្លែងប្រាប់ឲ្យដឹងថា ៖ ដោយមើលឃើញពី​សក្តានុពល​នៃតំបន់​នេះ អាច​កំណត់​បាន​ថា ជាទេសចរណ៍បែបលក្ខណៈគ្រួសារ។ ដោយ​មាន​ការណែនាំ​ពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ដាំដំណាំ​ភោគផល​ជាច្រើន​ដូចជា ៖ ល្ហុង ចេក ពុទ្រា ផ្កា និងដំណាំផ្សេងៗទៀត ដើម្បីផ្គត់ផ្គង់ទៅលក់នៅទីផ្សារ ដោយមិនប្រើជីគីមី។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​រូបនេះ បាន​បន្តថា ៖ បច្ចុប្បន្នភ្នំនេះ ជាតំបន់ជម្រកសត្វក្ងោក ដែលតែងតែហើរចុះមកលេង នៅពេលព្រឹកព្រលឹម និងពេលថ្ងៃរៀបលិច ក្រៅពីសត្វក្ងោក ក៏នៅមានសត្វឃ្មុំ និងសត្វព្រៃដទៃទៀតផងដែរ។ បើតាម​ការពិនិត្យ​លើតំបន់​ទាំង​៣នៅទីតាំងខាងលើនេះពិតជាប្លែកខុសពីតំបន់កម្សាន្តនានា ក្នុងខេត្ត ពិសេសពួកគាត់ក្នុងនាមជាយុវជនចូលចិត្តអ្វីប្លែកៗ។ ពិតណាស់តំបន់នេះទាមទារ ការវិនិយោគទន់ច្រើន ហើយក៏អាចក្លាយជាតំបន់ទាក់ទាញបាន បើសិនជាអ្នកវិនិយោគរៀបចំឲ្យមានហេដ្ឋារចនាសម្ព័ន្ធបានល្អ។

លោក អេង គន្ធា អ្នកមានគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍តំបន់នេះ បានបញ្ជាក់ពីគោលបំណង ចង់ថែរក្សាការពារធនធានធម្មជាតិនិងបរិស្ថាន នៅបណ្តុំភ្នំគុហ៍នេះ ដោយរំលេចឲ្យអ្នកផងមានការចាប់អារម្មណ៍ នូវអ្វីដែលមាននៅលើភ្នំនេះ។ អ្វីដែលពិសេស ធ្វើឲ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិផង ជាមួយកន្លែងគោរពសក្ការៈផង និងឲ្យមានការទាក់ទាញ ចាប់អារម្មណ៍ ពីភ្ញៀវទាំងឡាយ អំពីសក្តានុពលធនធានដ៏កម្រក្នុងឃុំមួយនេះ។

លោកបានបន្ថែមថា ចំពោះទុនសម្រាប់អភិវឌ្ឍតំបន់នេះលោកមានការរំពឹងទុកហាក់ដូចជាស្ទាក់ស្ទើរ ព្រោះថាតំបន់នេះ ជាកន្លែងថ្មី ត្រូវការថវិកាច្រើន ខណៈថវិកាត្រូវចំណាយត្រូវការគៀងគរ និងត្រូវការការចូលរួម។ តែទោះជាយ៉ាងណា ឯកឧត្តមក៏បានបង្ហាញពីជំហរដ៏មោះមុត ថានឹងបង្កើតតំបន់នេះឲ្យបាន ដែលមានឈ្មោះថា «ភ្នំនាគស»។

លោកបានអំពាវនាវដល់ព្រះសង្ឃ និងគ្រហស្ថ រួមគ្នាថែរក្សាសម្បត្តិធនធានធម្មជាតិ ដែលមាននៅទីនេះឲ្យបានគង់វង្ស ដើម្បីបង្កើតជារមណីយដ្ឋានធម្មជាតិដ៍ស្រស់ស្អាត និងស្រូបយកខ្យល់បរិសុទ្ធ សម្រាប់ភ្ញៀវទេសចរណ៍មកលេងកំសាន្ដ៕

Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *