ប្រជាពលរដ្ឋ​នាំគ្នា​ផ្ទុះ​ការតវ៉ា​ជាថ្មី​ចំពោះ​ករណីដីធ្លី​ដែល​ពួកគាត់​អះអាង​ថា ឧកញ៉ា​ ឡាញ់ ភារ៉ា រំលោភ​យក​ជាកម្មសិទ្ធ

ព្រះសីហនុ ៖ ជម្លោះ​ដីធ្លី​ដែលបាន​កើត​ឡើង​ដ៏រ៉ាំ​រ៉ៃ​ណាស់មក​ហើយ បានផ្ទុះការតវ៉ា​ជាថ្មីម្តង​ទៀត​កាលពីព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមាន​ប្រជាពលរដ្ឋ​ចំនួ​ន៧៧គ្រួសារ​បាន​នាំគ្នា​អំពាវ​នាវ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​ សូម​ឲ្យ​ជួយ​អន្តរាគមន៍ដោះស្រាយ​ដីធ្លី​ប្រមាណ​ជាង​៩០ហិចតា​ ស្ថិតនៅ​ត្រង់ចំណុច​អូរប្រៃ ចុងពយ ពង់ពត និង​ចំណុច​ព្រលាន ក្នុងភូមិ​ពូធឿង ឃុំបិត​ត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយពួកគាត់គាត់​បាន​អះអាងថា ក្រុម​ហ៊ុន​របស់​លោកឧកញ៉ា ឡាញ់ ភារ៉ា បាន​រំលោភ​បំពាន​យកដីរបស់ពួកគាត់​ ដែលកំពុង​អាស្រ័យផល​។

យោងតាម​ប្រភពពីប្រជាពលរដ្ឋ​​ បានថ្លែង​ប្រាប់ថា ដីរបស់ពួកគាត់ជាប្រភេទដីស្រែ ហើយដីនេះពួកគាត់បានអាស្រ័យផលដកស្ទូងភ្ជួររាស់ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៧៩មកម្លេះ។ លុះមកដល់ឆ្នាំ១៩៩៥ រឿងក្តីពាក់ព័ន្ធនិងវិវាទដីធ្លីនៅភូមិពូធឿង ឃុំបិតត្រាំងនេះក៏បានកើតឡើងដោយការរំលោភយកដោយចេតនាទុច្ចរិតទាំងស្រុង ដោយឈ្មោះ ផូ ឆាំ ជាអ្នកគួកជេ និងរៀបដីតំណាងអោយអ្នកវិនិយោគចិនចំនួន០៣នាក់ ១.ឈ្មោះ លី អ៊ីនលុ ២.ឈ្មោះ ហូ ស៊ីនធាន ៣.ឈ្មោះ លី ស៊ីវស៊ា។ ពួកគាត់​បន្តថា​បុគ្គល ផូ ឆាំ បាន​ទិញ​ដី​មួយ​ចំនួន​ពីប្រជាពលរដ្ឋ​នៅភូមិ​ពូធឿង ឃុំបិត​ត្រាំង ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ ប៉ុន្តែមិនបានលក់ទាំង​អស់នោះទេ។

ប្រភព​បន្តបាន​ឲ្យដឹងថា ក្នុង​ឆ្នាំ២០០៨ ដីរបស់ប្រជាពលរដ្ឋ​ចំនួន​៧៧គ្រួសារនេះ គឺត្រូវបានឈ្មោះ លី អ៊ីនលុ បានធ្វើប្លង់កម្មសិទ្ធិគ្របពីលើដីរបស់ពួកគាត់ទាំងអស់ ទាំងពួកគាត់មិនបានព្រមព្រៀងលក់អោយផងនោះ។ រីឯប្លង់ដែលមានឈ្មោះ លី អ៊ីនលុ គឺពួកគាត់ (ប្រជាជន) មិនដឹងថាចេញមកតាមរបៀបណានោះទេ ព្រោះពួកគាត់ (ប្រជាជន) មិនដែលបានដឹង ឬឃើញសេចក្តីជូនដំណឹងរបស់មន្រ្តីជំនាញឬអាជ្ញាធរមូលដ្ឋានព្រមទាំងយកឯកសារទិញ-លក់ ឬ ផ្ទេរសិទ្ធិរបស់ប្រជាជនម្ចាស់ដីក្នុងភូមិពូធឿងមកបង្ហាញនោះឡើយ។

សូម​រំលឹក​ថា ៖ កាល​ពី​ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ មានមេធាវីឈ្មោះ បាន សីយុទ្ធ រួមជាមួយលោក ផូ ឆាំ និងបក្សពួកជាច្រើននាក់ បានមកដល់សាលាឃុំបិតត្រាំង ដើម្បីផ្ទៀងផ្ទាត់ឯកសាររវាងប្រជាជនទាំង៧៧គ្រួសារដែលទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ដោយ​យកប័ណ្ណកម្មសិទ្ធិ នៅចំពោះមុខមេឃុំបិតត្រាំងលោក មាច ចាន់ បន្ទាប់មកមេឃុំបានហៅឈ្មោះប្រជាជនម្តងម្នាក់ៗ ដើម្បីផ្ទៀងផ្ទាត់លុះផ្ទៀងផ្ទាត់ប័ណ្ណមិនបានប៉ុន្មានផងក៏ផ្ទុះការតវ៉ាពីប្រជាពលរដ្ឋដោយ​ឯកសារខាងប្រជាពលរដ្ឋ និងឯកសារមេធាវីមានលក្ខណៈខុសគ្នាដាច់ស្រលះបើប្រៀបធៀប និងទីតាំងដីជាក់ស្តែង។ ក្រោយពីជំនួបរវាងប្រជាពលរដ្ឋទាំង៧៧គ្រួសារ និងមេធាវីតំណាងអ្នកឧកញ៉ា ឡាញ់ ភារ៉ា នៅសាលាឃុំបិតត្រាំង ស្រាប់តែ​ខាងលោក​ឧកញ៉ា ឡាញ់ ភារ៉ា និងលោក ផូ ឆាំ ព្រមទាំងបក្សពួក បានយកកម្លាំងពាក់អាវកងរាជអាវុធហត្ថនិងកម្លាំងស៊ីវិល រួមជាមួយរថយន្តដាក់ឡូហ្គូ អ/ហ ព្រៃនប់ ខេមរភូមិន្ទ ពាក់ស្លាកលេខ 2-9353 មកឈរជើងប្រចាំការទាំងយប់ថ្ងៃ ដើម្បីយាមកាមអោយខាងក្រុមហ៊ុនអ្នកឧកញ៉ា ឡាញ់ ភារ៉ា និង ផូ ឆាំ បោះបង្គោលធ្វើរបងហ៊ុព័ទ្ធយកដីស្រែប្រជាជន ដែលបានកាន់កាប់ និងអាស្រ័យផលចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចប្បន្ននេះ។

បើតាម​លោក អ៊ឹង សារុំ​ អតីត​មេឃុំ​បិតត្រាំង បានបញ្ជាក់ថា លោក​មិនបាន​ចុះហត្ថលេខា​ ឬវាយត្រាអ្វី​ឲ្យ​លោក ផូ ឆាំ និង​ប្រពន្ធ​ឈ្មោះ ដា សុផាត នោះទេ ហេតុ​អ្វី​បាន​ជាបុគ្គល​រូបនេះ​សម្អាងលើឯកសារអ្វីបានជាមានសិទ្ធិគ្រប់គ្រងដីបន្តពីជនជាតិចិនឈ្មោះ លី អ៊ីនលុ ទៅវិញ ទាំង​ដែលគាត់មិន​បានឃើញការព្រមព្រៀងផ្តិតស្នាមមេដៃនិងផ្ទេរសិទ្ធិលក់ទៅអោយនរណាម្នាក់ផងនោះ ចុះហេតុអ្វីបានជារំលោភយកដីប្រជាពលរដ្ឋទៅវិញ​។

ប្រជាពលរដ្ឋ​សូមធ្វើការសំណូម​ពរដល់ ឯកឧត្តម​ គួច ចំរើន អភិបាល​ខេត្ពព្រះសីហនុ ឯកឧត្តម​ សាយ សំអាល់ ប្រធាន​ក្រុមការងារថ្នាក់ជាតិ​ចុះជួយ​ខេត្តព្រះសីហនុ ជាពិសេស​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តា​ជួយ​ពួកគាត់​ផងដែលកំពុង​ត្រូវ​បាន​បុគ្គលមានលុយ និង​អំណាច​រំលោភ​យកដីធ្លី​ពួកគាត់​ជាកម្មសិទ្ធយ៉ាង​គឃ្លើនតែម្ដង​៕




Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *