មន្ត្រី​មាន​អំណាចស្រុកជីក្រែង​ម្នាក់ និង​លោកមេឃុំ​គោកធ្លកលើ ព្យាយាម​រារាំង​ប្រជាពលរដ្ឋ​មិន​ឲ្យ​អាស្រ័យ​ផល​លើដីស្រប​ច្បាប់​ដែលតុលាការខេត្តសៀម​រាបបាន​អនុវត្តន៍ជូន​

សៀម​រាប ៖ ក្រោយ​ពី​តុលាការ​ខេត្ត​សៀម​រាប​ បាន​ចុះ​អនុវត្ត​ន៍​សាលដីការ​លេខ​៤៥ ចុះថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ២០១៩ របស់​សាលាដំបូង​ខេត្តសៀម​រាប ដែលបាន​ដឹកនាំ​ដោយ​លោក ឡុង សារ៉ាត់ អាជ្ញា​សាលាដំបូង​ខេត្តសៀមរាប កាលពីថ្ងៃទី​១០ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះជូន​ដល់ប្រជាពលរដ្ឋ​ឈ្នះក្តី នៅភូមិ​ថ្នល់​ ឃុំគោកធ្លកលើ និងភូមិ​បឹងធំ ឃុំគោកធ្លកក្រោម​ ស្រុកជីក្រែង​ ខេត្តសៀមរាប​ ស្រាប់​តែ​ប៉ុន្មាន​ថ្ងៃក្រោ​យ​មក​មាន​ការហាម​ឃាត់​ពីសំណាក់​មន្ត្រី​មាន​អំណាចក្នុង​ស្រុកជីក្រែង​ និង​លោកមេឃុំគោកធ្លកលើ ដោយ​តម្រូវ​ឲ្យ​ធ្វើការ​សុំ​ច្បាប់​ក្នុង​ការបង្កបង្កើន​ផល​លើដីស្របច្បាប់ទៅវិញ​។

យោង​តាម​ប្រភពពីប្រជាពលរដ្ឋ​ឈ្មោះ គត់ ស៊ត់ បានថ្លែង​ប្រាប់ថា បន្ទាប់ពី​តុលាការខេត្ត​សៀមរាប​ បាន​អនុវត្តន៍​ដីការ​ប្រកប​​​ដោយ​យុត្តិធម៌​ចំពោះ​រូប​គាត់នឹង​ក្រុម​គ្រួសារ​ ធ្វើ​ឲ្យគាត់មានការសប្បាយរីករាយជាខ្លាំង​ ដែលរស់នៅក្រោ​ម​ដំបូលសន្តិភាពហើយ តុលាការ​កាត់​ក្តី​ប្រកប​ដោយ​យុត្តិធម៌​សុច្ចរិតភាព​សម្រាប់ពលរដ្ឋក្រីក្រដូចរូបគាត់​។ កន្លង​មក​ដីរបស់​គាត់ត្រូ​​វបានបុគ្គល​មាន​លុយ និងអំណាច​បានកាន់កាប់​ដីរបស់គាត់​ ហើយ​បាន​ធ្វើការឈូសឆាយទៀត ប៉ុន្តែ​ក្រោយពីបាន​ប្តឹង​ទៅតុលាការ​ ទើប​តុលាការ​សម្រេ​ចឲ្យគាត់ឈ្នះក្តី និង​អនុវត្ត​ផ្តល់កម្មសិទ្ធជូន​គាត់។ ប៉ុន្តែ​ក្រោយពីបាន​អនុវត្ត​ន៍ដីការ​កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ មាន​មន្ត្រីមានអំណាច​ក្នុង​ស្រុកជីក្រែង​ និង​លោក​មេឃុំ ហាក់ដូចជាមិនចង់ឲ្យលោកអាស្រ័យផល លើដីស្របច្បាប់​របស់លោកទេ។

ស្របគ្នា​​នេះដែរ លោក ហង់ ហេង​ ដែលជាប្រពលរដ្ឋ​ឈ្នះក្តីម្នាក់ដែរ បានថ្លែង​ប្រាប់ឲ្យដឹងថា ក្រោយ​ពីតុលាការ​បាន​អនុវត្តន៍​សាលដីការជូនគាត់រួច​ ពួកគាត់មានការសប្បាយរីករាយជាខ្លាំង​ ដែល​នេះជាការ​កាត់ក្តីប្រកបដោយ​យុត្តិធម៌ និង​តម្លាភាព។ ប៉ុន្តែ​អ្វីដែលគួរ​ឲ្យសោកស្ដាយ គឺ​មាន​មន្ត្រីមាន​អំណាច​ក្នុងស្រុកជីក្រែង​ ហាក់មានការបៀត​បៀន​មិន​ចង់ឲ្យប្រជាពលរដ្ឋ​ឈ្នះក្តី បានអាស្រ័យផលលើដីនេះទាល់តែសោះ ឬមួយ​មន្ត្រីនេះបាន​ទទួលលាប​សក្ការៈ​ពីក្រុមឈ្នួញទុច្ចរិត​ ដែលចង់បានដីលោកទេដឹង។

សូមបញ្ជាក់ថា ៖ កាលពីវេលាម៉ោង​០៩៖០០នាទីព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ២០១៩នេះ លោក ឡុង សារ៉ាត់ អាជ្ញាសាលាដំបូង​ខេត្តសៀមរាប បាន​ដឹកនាំសមាសភាព​ចម្រុះ​ ចុះអនុវត្ត​ដីការសម្រេច​ចាត់ចែង​ជាបណ្តោះលេខ​ ២២៧ ពស.រវ “ក” ចុះថ្ងៃទី​១២ ខែមិថុនា ឆ្នាំ២០១៩ របស់​សាលាដំបូងខេត្តសៀមរាប​។ ការអនុវត្តនេះដោយ​ស្របទៅតាម​សំណុំរឿង​អនុវត្តលេខ​៤៥ ចុះថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ២០១៩របស់សាលាដំបូង​ខេត្តសៀមរាប, ពាក្យ​សុំអនុវត្តដោយ​បង្ខំ​ចុះថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ២០១៩ របស់មេធាវី​ លី វ៉េង​ហេង, និងដីការ​សម្រេ​ចចាត់ចែង​ជាបណ្តោះអាសន្ន​លេខ​២២៧ ពស.រវ​ “ក” ចុះថ្ងៃទី​១២ ខែមិថុនា ឆ្នាំ២០១៩ របស់សាលាដំបូង​ខេត្តសៀម​រាប​។

ទាក់ទិនករណីនេះ​​ អង្គភាព​ព័ត៌មាន LIVE-DAILY មិនអាច​ធ្វើការ​ទំនាក់ទំនង​លោក ពៅ ប៊ុនធឿន អភិបាលស្រុក​ជីក្រែង​បាននោះទេ ពាក់ព័ន្ធករណីខាងលើនេះ។ ដោយ​ឡែក​លោកមេឃុំ​គោកធ្លកលើ ក៏មិនអាចទំនាក់ទំនង​បានដែរ​ ដោយ​សារគ្មាន​លេខទំនាក់ទំនង​។

ប្រជាពលរដ្ឋ​ឈ្នះក្តីឈ្មោះ គត់ ស៊ត់ និង​ ហង់ ហេង សូមសំណូមពរដល់លោក ពៅ ប៊ុន​ធឿន អភិបាលស្រុកជីក្រែង​ និង​ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មេត្តាពិនិត្យករណីនេះផង និង​ជួយ​សម្រួល​ឲ្យពួកគាត់​បាន​រស់នៅ និង​ អាស្រ័យផល​លើដីកម្មសិទ្ធស្របច្បាប់​របស់ពួកគាត់ផង៕



Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *