ពលរដ្ឋរងគ្រោះជាង​២០០គ្រួសារ​អំពាវនាវ​ដល់ឯកឧត្តម សាយ សំអាល់ ប្រធានក្រុម​ការងារថ្នាក់ជាតិ​ចុះជួយ​ខេត្តព្រះសីហនុ ក្រោយមានការរុះរើផ្ទះ​ពួកគាត់ពីសំណាក់មន្ទីរបរិស្ថានឧទ្យានជាតិ​ព្រះសីហនុរាម​

ព្រះសីហនុ ៖ ក្រោយ​មានការរុះរើផ្ទះ​ប្រជាពលរដ្ឋ​កាលពីថ្ងៃទី​០២ ខែតុលា ឆ្នាំ២០១៩នេះ ស្ថិតនៅត្រង់ចំណុច​ភូមិ​ស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានធ្វើ​ឲ្យប្រជាពលរដ្ឋ​ជាង២០០គ្រួសារគ្មានផ្ទះសម្បែង​រស់នៅ ដែលទីនេះ​ពួកគាត់​បាន​រស់នៅជាយូណាស់មកហើយ ពិតជាធ្វើ​ឲ្យពួកគាត់រងនូវក្ដីឈឺចាប់ខ្លាំងមែនទែន​។

បើតាម​ប្រជាពលរដ្ឋ​ បានថ្លែង​ប្រាប់ឲ្យដឹងនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩នេះថា ក្រោយ​ពីការរុះរើ​ផ្ទះរបស់ពួកគាត់​ភ្លាមៗ គឺពួកគាត់គ្មានផ្ទះសម្រាប់រស់នៅទេ ហើយក៏មិន​ហ៊ាន​ចូលទៅរស់នៅ​ផ្ទះចាស់ទេ ព្រោះតែមានការគំរាម​កំហែង​ពីសំណាក់សមត្ថកិច្ច​ និង​មន្ត្រីបរិស្ថាន អាច​ចាប់ពួកគាត់​មកផ្តន្ទាទោសបាន។ ទីតាំង​ដីខាងលើនេះ ពួកគាត់​បានរស់នៅជាយូណាស់មកហើយ ទោះស្បត់ដល់ណាក៏ហ៊ានដែរ​ ម្តេច​បានជាមាន​កម្លាំង​សមត្ថកិច្ច​ មន្ត្រីបរិស្ថាន និង​អាជ្ញាធរមូលដ្ឋាន ព្រមទាំង​មានជនជាតិ​ចិន​ដើរ​ចង្អុលផ្ទះពួកគាត់ រួចបំផ្លាញ​​ផ្ទះពួកគាត់តែម្តង​។

សូមជម្រាបថា៖ កាលពីថ្ងៃទី​០២ ខែតុលា ឆ្នាំ២០១៩នេះ នៅត្រង់ចំណុច​ឧទ្យានជាតិព្រះសីហនុរាម ភូមិ​ស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ មានកម្លាំង​មន្ទីរបរិស្ថានឧទ្យានជាតិព្រះសីហនុរាម កម្លាំង​កងរាជអាវុធហត្ថ​ នគរបាលស្រុកព្រៃនប់ និង​ជនជាតិ​ចិន​តំណាងក្រុមហ៊ុន (អេ.វើ.គ្រីន) បាន​ចុះរុះរើផ្ទះប្រជាពលរដ្ឋនៅត្រង់តំបន់ខាងលើនេះ ដោយប្រើគ្រឿង​ចក្រសម្រាប់អនុវត្ត​។ កម្លាំងចម្រុះដែលបានធ្វើការរុះរើតំបន់ខាងលើនេះ មិនទាន់អាចបញ្ជាក់បានទេថា មកពីមូលហេតុអ្វីឲ្យពិត​ប្រាកដនោះទេ បានជាមានវិធានការណ៍​ក្តៅចំពោះ​ផ្ទះប្រជាពលរដ្ឋ​ ដែលកំពុង​រស់នៅក្នុងតំបន់នោះ។

តាមប្រភព​ពីកន្លែង​កើតហេតុ បាន​ឲ្យដឹងថា ការចុះ​រុះរើផ្ទះ​ប្រជាពលរដ្ឋនេះ ដោយ​សារក្រុមហ៊ុន​ចិន (អេ.វើ.គ្រីន) មាន​លិខិត (ស.ជ.ណ) ពីរាជរដ្ឋាភិបាល​កាន់ ដើម្បី​កាន់កាប់ និង​គ្រប់គ្រង​តំបន់ខាងលើនេះ។ ទោះបីជាយ៉ាងណា​ប្រជាពលរដ្ឋបានធ្វើការតវ៉ាសុំអន្តរាគមន៍​ដល់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម និង​សំណង់ កាលពីថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៩ បន្ទាប់មក​ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានចំណារ​ជូនអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី​២៦ ខែមិនា ឆ្នាំ២០១៩ ដើម្បីធ្វើការដោះស្រាយ។

ក្រោយ​មក​មាន​លិខិត​ពីក្រសួង​ដែនដី នគរូបនីយ៍កម្ម និង​សំណង់ លេខ​១៣២៥ ដនស/អសដភ ចុះថ្ងៃទី​២២ ខែមេសា ឆ្នាំ២០១៩ គោរពជូន​ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ធ្វើការវាស់វែង​ដីចំនួន​២៩១ហិចតា ដែលពលរដ្ឋ​រស់នៅតាំងពីឆ្នាំ២០០០មក ដែលមានទីតាំង​ភូមិ​ស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជូនប្រជាពលរដ្ឋ​។ បន្ទាប់ពីមានសេចក្តីសម្រេចខាងលើនេះហើយ ទើ​បប្រជាពលរដ្ឋ​រស់នៅ​រហូតដល់បច្ចុប្បន្ននេះ ប៉ុន្តែ​ហេតុអ្វីបានជាមានការ​ចុះរុះរើ និងបំផ្លាញ​ផ្ទះរបស់ពួកគាត់ពីសំណាក់អាជ្ញាធរ និង​មន្ត្រី​បរិស្ថានយ៉ាងដូច្នេះ។

បើតាមការបញ្ជាក់កន្លងមករបស់រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក  នេត្រ  ភក្ត្រា ថា ឧទ្យានជាតិព្រះសីហនុរាមត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យនៅខែវិច្ឆិកា ឆ្នាំ១៩៩៣ មានផ្ទៃដីចំនួន២១,០០០ហិចតា «គ្មានជនណាម្នាក់មានសិទ្ធិកាន់កាប់ដីធ្លី ទិញឬលក់ដូរដីធ្លីនៅក្នុងឧទ្យានជាតិព្រះសីហនុរាមនេះបានឡើយ»។ ប៉ុន្តែបច្ចុប្បន្ននេះឧទ្យានជាតិ​ព្រះសីហនុរាម ត្រូវបាន​ក្រុមហ៊ុន​ចិន២ធ្វើការកាន់កាប់ គឺក្រុមហ៊ុន​ (យ៉ិជៀ) និង​ (អេ.វើ.គ្រីន) ដោយ​សំអាងលើ (ស.ជ.ណ) ហើយ​សម្រុក​ឈូសឆាយ​វាយកម្ទេចព្រៃឈើ ក្រោម​លេសដីសម្មទាន​​ពីរាជរដ្ឋាភិបាល ហើយ​បានធ្វើការប៉ះទង្គិចជាមួយប្រជាពលរដ្ឋ​ ដែលបាន​រស់នៅតាំង​ពីឆ្នាំ២០០០ ព្រមទាំង​បានចោទ​ប្រជាពលរដ្ឋដែលរស់នៅ១ឬ២ឆ្នាំថា ដើរយកដីរបស់រដ្ឋ តាមពិតជាកូនចៅរបស់ពួកគាត់នោះទេ៕

Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *