ទីតាំងទូហ្គេមបាញ់ត្រីអនឡាញនៅជាន់ទី៣ ផ្សារស្ទឹងមានជ័យថ្មី បើកលេងយ៉ាងគឃ្លើនយ៉ាងបំពានច្បាប់រដ្ឋាភិបាល

ភ្នំពេញ ៖ ពិតជាមិនធម្មតាមែន កន្លែងបើកហ្គេមបាញ់ត្រីអនឡាញកំពុងបើកលេងយ៉ាងគឃ្លើន ដែលស្ថិតនៅទីតាំងជាន់ទី៣ ផ្សារស្ទឹងមានជ័យថ្មី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលលាក់កំបាំងបំផុតពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ដោយជ្រកក្រោមស្លាកមណ្ឌលកម្សាន្ត “វ៉ន់ដា”។

ទីតាំងហ្គេមបាញ់ត្រីនេះ អាចមានខ្នងក្រាស់រឹងមាំខ្លាំងណាស់ បានអាចបើកលេងយ៉ាងសេរីបែបនេះ ហើយមិនមានការក្លាចញញើតអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានទាល់តែសោះ។ ថ្មីៗនេះមានក្មេងៗ និងយុវវ័យជាច្រើនបានចូលលេងហ្គេមបាញ់ត្រីខាងលើនេះ ដោយភ្លេចគិតពីការសិក្សាររបស់ខ្លួន ហើយបានចំណាយប្រាក់កាសជាច្រើនក្នុងការលេងល្បែងទាំងនេះជារៀងរាល់ថ្ងៃ ហើយក៏ជាក្តីបារម្មណ៍របស់ឪពុកម្តាយ និងអាណាព្យាបាលផងដែរ។

បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ បានចេញបទបញ្ជាឲ្យបញ្ឈប់អាជីវកម្មល្បែងភ្នាល់ តាមរយៈអ៊ិនធើណេតឲ្យអស់ត្រឹមដំណាច់ឆ្នាំ២០១៩ ឃើញថា ទីតាំងមួយចំនួននៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត បានបិទសេវាកម្មទាំងនេះ ដោយស្របតាមគោលការណ៍រាជរដ្ឋាភិបាល។ ប៉ុន្តែហេតុអ្វីបានជាទីតាំងខាងលើនេះ នៅតែបន្តបើកយ៉ាងគឃ្លើន ប្រឆាំងនឹងច្បាប់ប្រទេសកម្ពុជាបែបនេះ។

ប្រជាពលរដ្ឋសូមសំណូមពរដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាចាត់វិធានការណ៍ជាបន្ទាន់ចំពោះទីតាំងហ្គេមបាញ់ត្រីខាងលើនេះ សូមកុំបណ្តែតបណ្តោយជាបន្តទៀត៕

Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *