សំណង់សណ្ឋាគារ​រំលោភ​យក​ដីគម្រោង​ផ្លូវ​លំ​របស់លោក អ៊ុយ​ ឆាយ អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រីជំនាញ​គ្មាន​វិធានការណ៍ក្នុងការទប់ស្កាត់​

ប៉ោយប៉ែត ៖ សំណង់សណ្ឋាគារ​ដែលរំលោភ​យកផ្លូវ​ថ្នល់ពីសំណាក់​អ្នក​មាន​លុយ និង​អំណាច​ម្នាក់ គឺលោក អ៊ុយ ឆាយ ជាយូណាស់មក​ហើយ​ ប៉ុន្តែ​លោកអភិបាលក្រុង​ប៉ោយប៉ែត និង​លោកប្រធានមន្ទីរ​រៀបចំដែនដី នគរូបនីយ៍កម្ម និង​សំណង់ មិន​បានយកចិត្ត​ទុកដាក់​ក្នុងការទប់ស្កាត់ទាល់តែសោះ។

បើតាម​ប្រភព​ពីប្រជាពលរដ្ឋ​ បានថ្លែង​ប្រាប់ឲ្យដឹងថា សំណង់សណ្ឋាគារ​ដែលស្ថិតនៅខាងក្រោយ​ គ្លីនិក នគររាជ ភូមិ​ក្បាលស្ពាន​១ សង្កាត់ប៉ោយប៉ែត ក្រុ​ងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជារបស់លោក អ៊ុយ ឆាយ ជា​អ្នក​មាន​លុយ​ និងអំណាចក្នុងក្រុងប៉ោយប៉ែត។ បុគ្គលដែលមានឥទ្ធិពលប្រចាំក្រុង​ប៉ោយប៉ែតខាងលើនេះ អាចត្រូវរ៉ូវ​គ្នាជាមួយ​អាជ្ញាធរមូលដ្ឋាន និង​មន្ត្រីជំនាញ​ក្រុង​ប៉ោយប៉ែត​ហើយ បាន​ជា​អាច​យកផ្លូវថ្នល់​របស់រដ្ឋមក​សាងសង់សំណងរឹងមាំធ្វើជាអគារច្រើនជាន់សម្រាប់ជួល និងធ្វើអាជីវកម្មផ្សេងៗបណ្តាលឱ្យពួកគាត់បាត់បង់ផ្លូវធ្វើដំណើរចេញ-ចូល។

ប្រជាពលរដ្ឋ​បន្តថា លោក​ អ៊ុយ ឆាយ បាន​សាងសង់ប៉ុណ្ណឹង​ហើយ ម្តេចបាន​ជាលោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត និងលោក ចូវ សុភឿក ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយ៍កម្ម និង​សំណង់ មិន​បាន​ចាត់វិធានការណ៍ទៅតាមផ្លូវ​ច្បាប់ចំពោះករណីនេះ​។ ប្រសិនបើគ្មាន​ការអន្តរាគមន៍ ឬការបើកផ្លូវ​ពីមន្ត្រីធំប្រចាំក្រុង​ប៉ោយប៉ែត​ទេ ក៏គ្មានការសាងសង់សំណង់​បែបរឹងមាំ ហើយ​បន្តការសាងសង់យកដីផ្លូវថ្នល់យ៉ាងគឃ្លើនបែបនេះទេ។

ទាក់ទិនករណីនេះ ប្រជាពលរដ្ឋសូមធ្វើការសំណូមពរ​ដល់ឯកឧត្តម​ អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក អាង ណារឹទ្ធ ប្រធានមន្ទីររៀបចំ ដែនដី នគរូបនីយ៍កម្ម និង​សំណង់ ខេត្តបន្ទាយមានជ័យ មេត្តាពិនិត្យទីតាំង​ខាងលើនេះ ហើយអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង​ជាទីបំផុត កុំបណ្តែតបណ្ដោយទៀត៕




Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *