ជនក្បត់ជាតិ​ទាំង​៩រូប មាន​ទាំងទណ្ឌិត​ សម រង្សី ត្រូវ​បាន​តុលាការ​ចេញដីការ​ឲ្យចាប់ខ្លួន​ ក្រោយ​​ប៉ុនប៉ងធ្វើរដ្ឋប្រហារ​

ភ្នំពេញ ៖ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ អ្នក​នាំពាក្យ​សាលាដំបូងរាជធានីភ្នំពេញ​ បាន​ចេញ​ដីការ​ប្រកាស​បង្គាប់ឲ្យ​ចាប់ខ្លួន​ទណ្ឌិត​ សម រង្សី និង​បក្ខពួកទាំង​៨នាក់ទៀត ពាក់ព័ន្ធនឹងការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារផ្តួល​រំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលបោះឆ្នោតគាំទ្រ​ដោយ​ប្រជាពលរដ្ឋ​។

ជនដែលត្រូវបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួននេះរួមមាន៖ ទណ្ឌិត សម រង្ស៉ី និងភរិយា លោកស្រី ជូឡុង សូមួរ៉ា, លោក អេង ឆៃអ៊ាង, លោកស្រី មូរ សុខហួរ, លោក អ៊ូ ច័ន្ទឫទ្ធិ, លោក ហូរ វ៉ាន់, លោក ឡុង រី, លោក ម៉ែន សុថាវរិន្ទ្រ និងលោក នុត រំដួល។ ជនត្រូវចោទទាំង៩រូប កាលពីថ្ងៃទី១៩ ខែកញ្ញា កន្លងទៅនេះ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់នៅក្នុងសំណុំរឿងព្រហ្មទណ្ឌពីបទ «ឧបឃាត» ដោយយោងតាមមាត្រា២៧ និង ៤៥១នៃក្រមព្រហ្មទណ្ឌ។

ការចោទប្រកាន់នេះពាក់ព័ន្ធ «ការប៉ុនប៉ងធ្វើរដ្ឋប្រហារ» ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ក្រោមឧបាយកលជា «ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៉ី» ដោយមានការអំពាវនាវ និងប្រើថវិកាប៉ុនប៉ងបង្កើតកងកម្លាំងឧទ្ទាមប្រដាប់អាវុធខុសច្បាប់ ដើម្បីចូលរួមអនុវត្តផែនការនេះ។

អ្នក​នាំពាក្យ​សាលាដំបូងរាជធានីភ្នំពេញ បាន​បញ្ជាក់ជូន​ថា ដីកាបង្គាប់ឱ្យចាប់ខ្លួន ត្រូវបានបញ្ជូនទៅកាន់ស្ថាប័នមានសមត្ថកិច្ច ដើម្បីអនុវត្តស្របតាមច្បាប់ និងនីតិវិធីជាធរមាន៕


Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *