កសិករ​រស់នៅតាម​ដងស្ទឹងសង្កែ​រ បង្កើត​សួន​ផ្ការីករាយ​ក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ អាច​រក​ចំណូល​បាន​រាប់ពាន់ដុល្លារក្នុងមួយខែ

បាត់ដំបង ៖ បច្ចុប្បន្ននេះ​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅតាម​ដង​ស្ទឹង​សង្កែ​ ខេត្ត​បាត់​ដំបង បាន​ងា​ក​មក​ប្រកប​របរ​ដាំ​សួន​ផ្កាយ៉ាង​ស្រស់ស្អាត​បន្ថែម​ទៀតក្រៅ​ពីរបរ​ធ្វើ​ស្រែចំការ​ មិនត្រឹមតែប៉ុណ្ណោះ​សួន​ផ្ការ​នេះ​បានក្លាយជាតំបន់ទេសចរណ៍​ដ៏ទាក់ទាញ​សម្រាប់ភ្ញៀវ​ទេសចរជាតិ និង​អន្តរជាតិ​ ដែល​បាន​មក​លេងកន្សាន្តនៅទីនេះ​។

បើតាម​កសិករ​នៅសួន​ផ្ការីករាយ​ បាន​ឲ្យដឹងថា សួន​ផ្ការីករាយ​មានទីតាំង​ស្ថិតនៅ​ភូមិ​អូរស្រឡៅ ឃុំ​វត្ត​តាមិម ស្រុកសង្កែ ខេត្ត​បាត់ដំបង។ ក្រៅ​ពីមុ​ខ​របរ​ធ្វើស្រែចំការ​ កសិករមួយចំនួន​ធំ​បាន​ងាកមកចាប់យកការដាំជាសួនផ្កាមួយមុខបន្ថែមទៀតដែលមានទីតាំងនៅក្នុងភូមិសាស្ត្រខាងលើ ដែលរបរថ្មីមួយនេះអាចជួយឲ្យ​ពួ​កគារត់​រកប្រាក់ចំណូលបានសមរម្យ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារបានកាន់តែប្រសើរឡើង ដោយ​មិន​ចាំបាច់ធ្វើចំណាក​ស្រុកនោះទេ។

កសិករ​បាន​បន្ត​ថា សួនផ្ការីករាយសម្រាប់ភ្ញៀវទេសចរ ដែលចូលទៅកម្សាន្តទស្សនា ឬថតរូបជាអនុស្សាវរីយ៍លេងក្នុងម្នាក់តម្លៃត្រឹមតែ១០០០រៀលប៉ុណ្ណោះ ដែលក្នុងមួយថ្ងៃៗភ្ញៀវចូលមកលេងជាមធ្យម មានចំនួនពី២០នាក់ទៅ៥០នាក់ ភាគច្រើនថ្ងៃឈប់សំរាក (សៅរ៍ ឬអាទិត្យ)។ ក្រៅពីសួនផ្កាដ៏ស្រស់ស្អាតសម្រាប់​ភ្ញៀវទេសចរ កសិករនៅ​សួន​ផ្ការីករាយ​ បាន​រៀបចំ​ជាតូប​ ឬខ្ចុះ​ សម្រាប់​លក់ភេសជ្ជះ និង​អាហារ​ សម្រាប់​អ្នក​ដែល​បានមក​ដើរលេង​កម្សាន្តនៅទីនេះ​ ចំពោះ​តម្លៃវិញ​មានតម្លៃ​ធូរថ្លៃខ្លាំង​ណាស់ ហើយ​ក៏មិនឡើង​ថ្លៃដែរ​សម្រាប់ថ្ងៃបុណ្យ​។

បើតាម​ម្ចាស់​សួន​ផ្កាវ័យក្មេង​ កញ្ញា ស្រី កនីកា បានឲ្យដឹងថា គ្រួសារកញ្ញាបានបន្ថែមមុខរបរដាំជាសួនផ្កានេះឡើងបានរយះពេលជាងមួយឆ្នាំមកហើយនៅលើផ្ទៃដីជាង០១ហិកតា និងមានទីតាំងបីក្បែរគ្នា  ដោយយកពូជផ្កាផ្សេងៗច្រើនប្រភេទយកមកដាំ ដើម្បីអោយមានផ្កាចម្រុះពណ៌ ដែលអាចជួយទាក់ទាញអារម្មណ៍ភ្ញៀវអោយមកលេងកម្សាន្ត និងបានស្រូបយកខ្យល់អាកាសបរិសុទ្ធផងដែរ៕

Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *