ទេសរដ្ឋមន្ត្រី គន់ គីម ដឹកនាំកិច្ចប្រជុំ​ត្រួពិនិត្យ​ពីផលប៉ះពាល់គ្រោះ​មហន្តរាយ​ និង​រកដំណោះ​ស្រាយ​ក្នុងខេត្តកំពង់ចាម

កំពង់ចាម ៖ នៅព្រឹកថ្ងៃទី​០២ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិ​គ្រប់គ្រងគ្រោះ​មហន្តរាយ បាន​ដឹកនាំប្រជុំ​ត្រួតពិនិត្យ​ផលប៉ះពាល់​ដោយ​ទឹកជំនន់ និង​រកដំណោះស្រាយ​ផ្សេងៗនៅក្នុងខេត្តកំពង់ចាម​។

ឯកឧត្តម​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា ផលប៉ះពាល់ដែលបង្កដោយទឹកជំនន់ ក្នុងរយៈពេលកន្លងមកនេះ ខេត្តកំពង់ចាម មានស្រុកចំនួន៥ បានជួបនូវគ្រោះទឹកជំនន់ បង្កផលប៉ះពាល់លើដំណាំស្រូវរដូវវស្សាសរុប ចំនួន៥,២០៩ហិកតា តែបានប្រសើរឡើងវិញ ក្រោយទឹកបានស្រកចុះ ចំនួន៤១,១៣៤ហិកតា និងទទួលរងការខូចខាត ចំនួន១,០៧៥ហិកតា។

ទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធ ដែលជួយសហការបានល្អ ក្នុងកំលុងពេលប្រតិបត្តិជន្លៀស និងសង្រ្គោះប្រជាពលរដ្ឋទាន់ពេលវេលាពេលទឹកជំនន់ខ្លាំងបែបនេះ។

ទេសរដ្ឋមន្ដ្រី បានបញ្ជាក់ថា ថ្វីបើទឹកទន្លេបានស្រកខ្លះមែន តែមិនប្រាកដថាគ្មានទឹកជំនន់ទៀតនោះទេ ពិសេសបណ្តាខេត្តតាមដងទន្លេមេគង្គក្រោម និងខេត្តជុំវិញបឹងទន្លេសាប ដូច្នេះសំណូមពរឲ្យក្រសួងពាក់ព័ន្ធនានា និងលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុងរហូតដល់មូលដ្ឋាន ត្រូវបន្តតាមដាននៅពេលគ្រោះមហន្តរាយកើតឡើង ដោយធម្មជាតិ និងមនុស្សបង្កឡើង។

ទេសរដ្ឋមន្ដ្រី គន់ គីម បានលើកឡើងទៀតថា កន្លងមកក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលជាសេនាធិការដ៏ល្អ ជូនសម្តេចតេជោ ហ៊ុន សែន ឯកឧត្តម​បានសំណូមដល់ក្រសួង ស្ថាប័នពាក់ព័ន្ធសហការ និងផ្តល់ការគាំទ្របច្ចេកទេស អាចជួយដោះស្រាយតម្រូវការប្រជាពលរដ្ឋរងគ្រោះ ឲ្យទាន់ពេលវេលាទាំងក្នុងពេល និងក្រោយពេលគ្រោះមហន្តរាយកើតឡើង៕



Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *