ស្ត្រីម្នាក់ផឹកស្រាឡើង​ស្រវឹង​លុះផឹកច្រើនពេក ទាស់សម្តីគ្នា​ជាមួយ​ប្តី​ក៏ទាញកាំបិតមក​ចាក់ធ្លាយពោះទុកជាការកម្សាន្ត

ពោធិ៍សាត់ ៖ កាលពីល្ងាច​ម៉ោង​០៤និង​៣០នាទីល្ងាច ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ២០១៩នេះ ស្ត្រីម្នាក់​បាន​ផឹកស្រាឡើង​ស្រវឹង​​ក៏បាន​ទាស់សម្តីគ្នា​ជាមួយប្តី​ ស្រាប់តែស្ត្រីជើងខ្លាំង​រូបនេះ បាន​ទាញកាំបិត​មក​ចាក់​ប្តី​របស់ខ្លួន បណ្តាល​ឲ្យធ្លាយពោះវៀន​ចេញមកក្រៅ​គួរ​ឲ្យរន្ធត់ខ្លាំង​ណាស់។

ករណី​ហឹង្សានេះបានកើតឡើង ស្ថិតនៅផ្ទះជនរងគ្រោះ​ភូមិ​ដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង​ ខេត្តពោធិ៍សាត់​។ បើតាម​លោកវរសេនីយ៍ឯក ធាង ឡេង អធិការនគរបាល​ស្រុក​វាលវែង បាន​ថ្លែង​ប្រាប់ឲ្យដឹងថា ជនសង្ស័យជាប្រពន្ធ មានឈ្មោះ សយ ផល្លី អាយុ៣៩ឆ្នាំ មុខរបរកសិករ រីឯជនរងគ្រោះជាប្តី មានឈ្មោះ សុខ ខន អាយុ៤៨ឆ្នាំ មុខរបរកសិករដូចគ្នា ទាំង២នាក់ ប្តីប្រពន្ធ រស់នៅភូមិឃុំកើតហេតុខាងលើ។

លោក ធាង ឡេង បានបន្តថា មុនពេលកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹងជោគជាំ ដោយហេតុតែញៀនស្រាជាប្រចាំ ជនសង្ស័យបានធ្លោយប្រើពាក្យសម្តីមិនសាកសមទៅលើប្តីកំសត់ រហូតឈានដល់ប្រើប្រាស់អំពើហឹង្សា ទាញកាំបិតខ្លី ចាក់ទៅលើប្តីបណ្តាលឱ្យរងរបួសធ្ងន់ ធ្លាយពោះផ្នែកខាងឆ្វេងដៃ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

បច្ចុប្បន្នជនរងគ្រោះ បានធូរស្រាលបន្តិចហើយ រង់ចាំព្យាបាលបន្ត ដោយឡែកស្ត្រីមេផ្ទះជើងខ្លាំង ដែលស្រវឹងខួប ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកវាលវែង ចាត់ការតាមនីតិវិធី៕

Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *