កម្លាំង​កងរាជអាវុធហត្ថ​ ប្រតិបត្តិការ​បង្ក្រាប​រថយន្ត​បាកុង​ និង​ត្រាក់ទ័រ​៥គ្រឿង​ នៅខេត្តពោធិ៍សាត់​រួចកម្ទេចចោល​

ពោធិ៍សាត់ ៖ នាថ្ងៃទី០៩-១០-១១ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ សហការជា​មួយ​កម្លាំងមូលដ្ឋានអាវុធហត្ថស្រុកភ្នំក្រវាញ និងស្រុកវាលវែង បានបន្តប្រតិបត្តិការស្រាវជ្រាវ និងរកឃើញរថយន្ត​បាកុង​ចំនួន៣គ្រឿង និងត្រាក់ទ័រចំនួន២គ្រឿងទៀត ដែលក្រុមឧក្រិដ្ឋជនយកទៅលាក់ទុក ដើម្បីបម្រើជាមធ្យោបាយដឹកឈើ និងឈូសឆាយដីព្រៃ។

ប្រតិបត្តិការរឹបអូសត្រាក់ទ័រ ២គ្រឿង ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចចំការដំឡូងមី ភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ។ ដោយឡែករថយន្តបាកុង ១គ្រឿង ត្រូវបានធ្វើឡើងនាល្ងាចថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង និងបន្តប្រតិបត្តិការដុតកម្ទេចចោលរថយន្តបាកុង១គ្រឿងទៀត នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចអូរដីខ្មៅ ស្ថិតក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង។

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះវិញ កម្លាំងបានបន្តចុះប្រតិបត្តិការរឹបអូសរថយន្តបាកុង ១គ្រឿងទៀត នៅភូមិស្ទឺងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង យកមករក្សាទុក នៅមូលដ្ឋានអាវុធហត្ថស្រុកវាលវែង ដើម្បីបម្រើការបង្ក្រាបបទល្មើស ធនធានធម្មជាតិនាពេលក្រោយ៕

Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *