ខ្លាំងមែន ! អាជ្ញាធរ​ស្រុកទឹក​ឈូ​មិនហ៊ានធ្វើការ​ទប់ស្កាត់ ចំពោះ​បុគ្គលមានអំណាច​ចាក់ដីលុបដៃព្រែក​ទឹកឈូ

កំពត ៖ បច្ចុប្បន្ននេះ​ដៃរព្រែក​ទឹកឈូរបស់រដ្ឋ​ កំពុង​​ត្រូវ​បាន​បុគ្គលមានអំណាច​យកគ្រឿងចក្រ​មក​ឈូសឆាយ និង​យកដី​មក​ចាក់​បំពេញ​យក​​​ដៃរព្រែកទឹកឈូយ៉ាង​គឃ្លើនតែម្តង ដែលស្ថិតនៅត្រង់ចំណុច​ស្ពាន​ក្បាលរមាស ឃុំត្រពាំអ​សង្កែន ស្រុកទឹកឈូ ខេត្តកំពត សូម្បីអាជ្ញាធរ​ក៏មានមិនហ៊ានមានវិធានការទប់ស្កាត់នោះទេ។

ក្រោយ​ពីការរំលោភ​យកដៃរព្រែក​ដូច្នេះ ប្រធានមន្ទីរបរិស្ថានខេត្តកំពត ធ្វើមិនដឹងមិនឮអ្វីទាំងអស់ ក្នុងខណៈដែល អ្នកមានអំណាចកំពុងចាក់ដីចូលព្រែក ដែលជាទ្រព្យសម្បតិ្ដរដ្ឋរំលោភយកធ្វើជាកម្មសិទ្ធិយ៉ាងស្រួលៗ។ ប្រសិនបើមិន​បានធ្វើការទប់ស្កាត់​ចំពោះ​បញ្ហានេះទេ ដៃរព្រែក និង​ព្រែក​ទឹកឈូ ប្រាកដជាត្រូវ​បាត់បង់ជាក់ជាពុំខាន​ ព្រោះតែមិនមាន​បុគ្គលជាអាជ្ញាធរ​ ឬមន្ត្រីជំនាញ​ បានចុះអន្តរាគមន៍នោះឡើយ។

បើតាម​ប្រភពពីប្រជាពលរដ្ឋ​ បានថ្លែង​ប្រាប់ថា កន្លងមកដីព្រៃលិចទឹកដីព្រែកទឹកឈូ និងតំបន់មួយចំនួនទៀត ត្រូវបានអ្នកមានលុយអ្នកមានអំណាច ចាក់ដីលុបយកធ្វើជាកម្មសិទ្ធិដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។ ប្រសិនបើគ្មាន ការឃុបឃិត បើកដៃពីសំណាក់មន្ត្រីអាជ្ញាធរថ្នាក់ឃុំថ្នាក់ស្រុក និងថ្នាក់ខេត្តទេនោះ គឺគ្មាននរណាអាចធ្វើសកម្មភាពចាក់ដីចូលព្រែកចូលដៃសមុទ្ររំលោភយកធ្វើជាកម្មសិទ្ធិយ៉ាងរលូន ដូចសព្វថ្ងៃនេះទេ។

ទាក់ទិន​ករណី ប្រជាពលរដ្ឋ​បានលើកឡើងថា បញ្ហានេះ គឺជារឿងដែលលោក ជាវ តាយ អភិបាលខេត្តកំពត គួរចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ព្រោះដៃព្រែកដៃសមុទ្រជាទ្រព្យសម្បត្ដិរដ្ឋមិនអាចបុគ្គលណា រំលោភយកធ្វើជាកម្មសិទ្ធិបានឡើយ។

ប្រជាពលរដ្ឋ បានលើកឡើងថា ករណីអ្នកមានអំណាចចាក់ដីលុបព្រែកទឹកឈូ នៅចំណុចស្ពានក្បាលរមាស ស្រុកទឹកឈូ អាជ្ញាធរមិន​គួរ​បណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះករណីឈ្មួញចាក់ដីលុបដៃសមុទ្រ​​យកធ្វើជាកម្មសិទ្ធិនៅក្នុងខេត្តកំពតកំពុងកើតឡើងយ៉ាងរាលដាលហើយ សូម្បីតែដីព្រៃលិចទឹកដីឆ្នេរសមុទ្រ៕

Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *