អភិបាល​ខណ្ឌ​ច្បារអំពៅ​ដឹកនាំកម្លាំង​ មក​ដុត​ទូរហ្គេម​បាញ់ត្រី​អស់ចំនួន​១១ទូរ ទុកជាការព្រមាន​ដល់អ្នក​កំពុង​បើក​

ភ្នំពេញ ៖ នៅថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រោមការចង្អុលបង្ហាញ​ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ​ បាន​ដឹកនាំ​កម្លាំង​មកដុតទូរហ្គេម​ចោល ដែល​រឹបអូស​បាន​ពី​មូលដ្ឋានសង្កាត់​ច្បារអំពៅ២ និង​សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​។

ការ​ដុតទូរហ្គេម​ទាំង​១១នេះ គឺជាការ​ព្រមាន​ដល់អ្នក​បើក​ល្បែង​ស៊ីសង​ទាំងឡាយ​ក្នុង​ខណ្ឌច្បារអំពៅ​ មិនត្រូវ​ឲ្យ​មាន​ក្នុង​ខណ្ឌច្បារអំពៅជាបន្តទៀតនោះទេ។ បញ្ហា​ទូរហ្គេមបាញ់ត្រី បាន​ធ្វើឲ្យមានការប៉ះពាល់​ដល់​ការសិក្សា​របស់​សិក្សានុសិស្សខ្លាំងណាស់ ដោយ​សិស្ស​ខ្លះបាន​គេច​សាលា ដើម្បីយក​ប្រាក់កាសមក​លេងល្បែង​ស៊ីសង​ទាំងនោះ។

បើតាម​លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានថ្លែងថា សម្រាប់ការបើកកន្លែងហ្គេមខុសច្បាប់ នៅក្នុងទឹកដីខណ្ឌច្បារអំពៅ ចាប់ពីពេលនេះទៅ រដ្ឋបាលខណ្ឌ មិនចេញច្បាប់អនុញ្ញាតឲ្យបើកនោះទេ ដែលបញ្ហានេះ នាំឲ្យប៉ះពាល់ ដល់ការរៀនសូត្ររបស់ក្មេងៗ ក្រោយពីពួកគេបានគេចសាលា, ចំណាយពេលវេលា និងលុយកាក់សម្រាប់​ទៅលេងហ្គេមទាំងនោះ។

លោកថា ទាក់ទងទៅនឹងអ្នក ដែលមានច្បាប់កន្លងមក ត្រូវចូលរួមអនុវត្តឲ្យបានល្អ ទៅតាមច្បាប់កំណត់។ ប្រសិន​បើ​នៅក្នុងអាជីវកម្មណាមួយ មានបង្កប់នូវទូរហ្គេមស៊ីសងខុសច្បាប់, រដ្ឋបាលខណ្ឌច្បារអំពៅ នឹងចុះបិទ ព្រមទាំងដក​ហូត យកមកកំទេចចោល ដោយស្វ័យប្រវត្តិ។

លោកអភិបាលខណ្ឌ ក៏បានណែនាំដល់ម្ចាស់អាជីវកម្មហ្គេមទាំងអស់ ជាពិសេសអ្នកដែលមានច្បាប់ត្រឹមត្រូវ ចូលរួមអនុវត្តឲ្យបានល្អ តាមគោលការណ៍ច្បាប់ មិនត្រូវកែឆ្នៃពីហ្គេមកំសាន្ត ឲ្យទៅជាហ្គេមស៊ីសងនោះទេ។ ចំពោះអ្នកមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ, ត្រូវតែទៅសុំច្បាប់ពីមន្ទីរពាក់ព័ន្ធ បើមិនដូចច្នេះទេ រដ្ឋបាលខណ្ឌ នឹងមានវិធានការណ៍ទៅតាមផ្លូវច្បាប់។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ គេសង្កេតឃើញមានកន្លែង បើកល្បែងហ្គេមមួយចំនួន បានបើកឲ្យលេងជាប្រភេទហ្គេម​ស៊ីសង ដោយបើកឲ្យចូលលេង២៤ម៉ោង លើ២៤ម៉ោង ហើយកន្លែងខ្លះនោះ ក៏មានការចែកចាយ និង ប្រើប្រាស់គ្រឿង​ញៀនទៀតផង៕

Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *