កម្លាំង​សមត្ថកិច្ច​​ចាប់ខ្លួន​បាន​ហើយ​ជនដៃដល់ទាំង​២នាក់ ដែលបាន​ឆក់ជន​ជាតិ​ចិន​បណ្តាល​ឲ្យធ្លាក់ស្លាប់​ពីលើកង់បី

ភ្នំពេញ ៖ ចោ​រឆក់២នាក់​ដែលតែង​តែ​ឆក់កាបូប​នៅក្នុង​រាជធានីភ្នំពេញ និង​បាន​ឆក់​ជនជាតិ​ចិន​ បណ្តាល​ឲ្យធ្លាក់​ស្លាប់​ពីលើកង់បី កាលពីថ្ងៃទី​២៩ ខែសីហា ឆ្នាំ២០១៩នេះកន្លងទៅនេះ ត្រង់​ចំណុច​សង្កាត់​ទួលស្វាយព្រៃ ខណ្ឌបឹងកេង​កង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃអធិការ​ដ្ឋាន​នគរបាល​ខណ្ឌបឹងកេង​កងចាប់ខ្លួន​បាន​ហើយ​។

បើតាម​លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ​ អធិការនគរបាល​ខណ្ឌបឹងកេងកង បាន​ប្រាប់ឲ្យដឹងថា ក្រោយ​កើតហេតុ​ភ្លាមៗ កម្លាំងសមត្ថកិច្ច​បាន​ប្រតិបត្តិការ​ស្វែង​រក​ជនដៃដល់ទាំង​២នាក់ រហូត​មក​ដល់ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ទើប​កម្លាំង​សមត្ថកិច្ចនៃអធិការ​ដ្ឋាននគរបាល​ខណ្ឌបឹងកេងកង សហការជាមួយ​កម្លាំង​សមត្ថកិច្ច​​​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាលរាជធានីភ្នំពេញ បាន​ចាប់ខ្លួន​បាន​សម្រេច​។ ក្រោយ​ការ​ឃាត់ខ្លួន​សមត្ថកិច្ច​ បាន​ប្រមូលបាន​វត្ថុតាង​ដូចជា​ ៖ ម៉ូតូ​មួយគ្រឿង ទូរស័ព្ទ០១គ្រឿង ដែលជា​របស់ជនរងគ្រោះ​។

នៅចំពោះ​មុខ​សមត្ថកិច្ច​ ចោរ​ឆក់ទាំង​២នាក់សារភាព​ថា ខ្លួន​ពិត​ជាបានឆក់​ជនរងគ្រោះ​បណ្តាល​ឲ្យធ្លាក់ពីលើកង់បី​ស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្ន​ករណីចោរឆក់​ក្នុង​រាជធានីភ្នំពេញ​ កំពុង​តែកើតមានឡើង​យ៉ាង​ច្រើនកុះករ​ជារៀងរាល់ថ្ងៃ​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការភ័យព្រួយ​បារម្មណ៍យ៉ាងខ្លាំង​នឹងបញ្ហា​អសន្តិសុខនេះ​។

ក្រោយ​ពីបាន​ធ្វើការសាកសួរ​​ ជនសង្ស័យទាំង​២នាក់ ត្រូ​វបានឃាត់ខ្លួន​នៅការិយាល័យព្រហ្មទណ្ឌកំរិត​ស្រាល នៃស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ ដើម្បី​ត្រៀម​បញ្ជូនខ្លួន​ទៅកាន់តុលាការ​ចាត់ការតាមផ្លូវ​ច្បាប់៕

Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *