កម្លាំង​ចម្រុះខេត្តក្រចេះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើសជលផល​ ដោយ​រឹប​អូស​បាន​វត្ថុតាង​បទល្មើសជា​ច្រើន​ប្រភេទ​

ក្រចេះ ៖ នៅថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក នូ សុផល អភិបាល​រងក្រុង​ក្រចេះ បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ ដើម្បី​ប្រតិបត្តិការ​បង្ក្រាប​បទល្មើសជលផល ដែលស្ថិតនៅត្រង់ចំណុច​បឹងរំលាច សង្កាត់អូរឬស្សី ក្រុង​ក្រចេះ ខេត្ត​ក្រចេះ ក្រោយ​ប្រតិបត្តិការនេះ​ប្រមូលបាន​វត្ថុតាង​ជាច្រើន​ និង​ដុតបំផ្លាញ​នៅកន្លែងកើតហេតុ​តែម្តង​។

បើតាម​លោក សៀង គិន នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ បាន​ថ្លែង​ប្រាប់ឲ្យដឹងថា ប្រតិបត្តិការនៃការ​បង្ក្រាប​ទល្មើសជលផលនេះ ដោយមានការ​សហការពីកម្លាំងជំនាញ អាជ្ញាធរ​ក្រុង​ក្រចេះ នគរបាលក្រុង សហគមន៍ប្រជានេសាទ ព្រមទាំង​អាជ្ញាធរមូលដ្ឋាន​ជាច្រើន​នាក់។ ក្រោយ​​ការ​បង្ក្រាប​បទល្មើសជលផល កម្លាំង​ជំនាញ​បាន​ប្រមូលបាន​វត្ថុតាង​ដូចជា​ លូសាច់ប៉ាក់នីឡុងចំនួន២៧មាត់, របាំងសាច់ប៉ាក់នីឡុងចំនួន២៧ខ្សែប្រវែង១,៣៥០ម៉ែត្រ, បង្គោលឬស្សីឃ្លៃឯចំនួន៤០៥ដើម និងចាក់លែងកូនត្រីចម្រុះ ចូលបឹងធម្មជាតិវិញ ប្រមាណជាង៣៥គីឡូក្រាម រីឯវត្ថុតាងដែលរឹបអុស បានដុតចោលនៅកន្លែងតែម្ដង។

លោក សៀង គិន បាន​បន្តទៀតថា​ ក្នុងរដូវបិទនេសាទនេះ លោកត្រូវបែងចែកភារកិច្ច តាមទិសដៅភារកិច្ចទទួលខុសត្រូវតាមផ្នែក តាមសង្កាត់ដោយសហការ ជាមួយអាជ្ញាធរដែនដីស្ថាប័នពាក់ព័ន្ធ ពោលគឺគណៈបញ្ជាការឯកភាពស្រុកឃុំ ដើម្បីត្រួតពិនិត្យក្នុងដែនសមត្ថកិច្ច នូវបទល្មើសនេសាទគ្រប់ប្រភេទ។

លោកថា ត្រូវបន្តសហការជាមួយក្រុមឆ្មាំទន្លេសហគមន៍ មូលដ្ឋានអាជ្ញាធរដែនដីផ្សព្វផ្សាយ ដោយសហការជាមួយអង្គការក្នុង និងក្រៅរដ្ឋាភិបាល ដើម្បីឲ្យប្រជាពលរដ្ឋមានការយល់ដឹង អំពីសារៈប្រយោជន៍ នៃធនធាន ជលផលការប្រើប្រាស់ ឧបករណ៍នេសាទតួនាទីភារកិច្ច៕

Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *