ទីតាំង​ហ្គេមបាញ់ត្រី​ និង​ល្បែងស៊ីសង​ បើក​លេង​យ៉ាង​គឃ្លើន ជិត​តំបន់កោះពេជ្រ​ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន

ភ្នំពេញ ៖​ ទីតាំង​ហ្គេម​បាញ់ត្រី​ និង​ល្បែងស៊ីសង​ កន្លងមក​ដែលអាជ្ញាធរ​មូលដ្ឋាន​ បានបង្ក្រាប​ម្តង​រួចមក​ហើយ នាពេល​នេះ​បាន​បន្តបើកលេងយ៉ាង​សេរីតែម្តង ដែលស្ថិតនៅ​ផ្លូវ​ទៅកោះពេជ្រ​ចូលតាម​មជ្ឈមណ្ឌល ជីនស៊ឺម៉ៅ​ ក្នុង​សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ​។

ចំពោះទីតាំង​នេះកន្លងមក ​ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន​ដឹកនាំ​ដោយ​លោក ព្រំ សំខាន់ អតីតអភិបាលខណ្ឌចំការមន បានធ្វើការ​បង្ក្រាបជាច្រើនដងរួចមក​ហើយ ប៉ុន្តែ​បច្ចុប្បន្ន​លោក ថេង សុថុល អភិបាលខណ្ឌ​ចំការមនថ្មី មិន​ទាន់​បាន​ធ្វើការ​បង្ក្រាបទីតាំង​កន្លែងនេះទេ។​ ទីតាំង​នេះ​អាច​មាន​ខ្សែរធំហើយ បាន​ធ្វើឲ្យ​លោក ថេង សុថុល អភិបាល​ខណ្ឌចំការមន​មិនហ៊ានធ្វើការ​បង្ក្រាបទាល់តែសោះ ហាក់ដូចជាបណ្តែតបណ្តោយ​ខ្លាំង​មែនទែន​។

រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី​១៨ ខែសីហា ឆ្នាំ២០១៩នេះ កន្លងទៅនេះ បាន​ចេញ​ច្បាប់​ហាមឃាត់​មិន​ឲ្យ​មានការបើកអាជីកម្ម​ភ្នាល់​តាមម៉ាស៊ីនអេឡិចត្រូនិក  និងតាមរយៈអ៊ីនធើណេតអនឡាញក្នុង និងក្រៅប្រទេស គ្រប់ប្រភេទ  និងគ្រប់រូបភាព  នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែ​សម្រាប់ទីតាំងខាងលើនេះ នៅដំណើរការដដែល​មិន​មានការ​ហាមឃាត់ពីសំណាក់អាជ្ញាធរនោះទេ ជាពិសេស​មិន​បាន​អនុវត្តន៍តាម​សារាចរណែនាំ​របស់​រាជរដ្ឋាភិបាល​ទាល់តែសោះ។

ទាក់ទិន​ករណី មជ្ឈដ្ឋានទូទៅ​សូមធ្វើការ​អំពាវនាវ​ដល់​ឯកឧត្តម ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ និង​លោកឧត្តមសេនីយ៍ឯក ស ថេង អគ្គស្នងការរង និង​ជាស្នងការនគរបាល​រាជធានីភ្នំពេញ សូម​មេត្តា​ពិនិត្យ​មន្ត្រីថ្នាក់ក្រោម​​ផង ជាពិសេសបង្ក្រាបទីតាំង​បើកទូហ្គេម​បាញ់ត្រីនេះផង កុំបណ្តែតបណ្តោយពេក​៕

Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *