គួរ​ឲ្យអាសូរពេកហើយ!  ដើម្បីចិញ្ចឹម​កូន​ប្រើឧបករណ៍​ឆក់ត្រី​បែជាឆក់ស្លាប់ទាំង​២នាក់ប្តីប្រពន្ធ បន្សល់ទុកកូន​ស្រី​អាយុ​១ឆ្នាំឲ្យនៅកំព្រា​

ព្រះវិហារ ៖ ជារឿង​ដែលគួរ​ឲ្យសោកសង្រែង​ជាទីបំផុត ដែលប្តីប្រពន្ធ២នាក់បានស្លាប់ភ្លាមៗ ក្រោយពីបាន​ប្រើប្រាស់​ឧបករណ៍​ឆក់ត្រី ដើម្បី​យក​លក់ចិញ្ចឹមគ្រួសារ​ ប៉ុន្តែ​បែជាឆក់ខ្លួនឯងទៅវិញ ហេតុការណ៍នេះបានកើតឡើង​កាលពីថ្ងៃទី​១៦ ខែសីហា ឆ្នាំ២០១៩នេះ ស្ថិតនៅត្រង់ចំណុច​ប្រឡាយដង្កៀបក្តាម​​ ខាងកើតភូមិ​បង្កន ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ។

បើតាមលោកវរសេនីយ៍ឯក សាយ ដេត អធិការនគរបាលស្រុករវៀង បានបញ្ជាក់ប្រាប់ភ្នាក់ព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះថា មុនពេលកើតហេតុជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ បាននាំគ្នាធ្វើដំណើរទៅចំណុចកើតហេតុខាងលើ ដើម្បីឆក់ត្រី ប៉ុន្តែចៃដន្យបានឆក់ខ្លួនឯងបណ្តាលឱ្យស្លាប់បាត់បង់ជីវិតទាំង២នាក់។

លោកអធិការស្រុក បានបញ្ជាក់ថា ការដែលសមត្ថកិច្ចសន្និដ្ឋានថាជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធស្លាប់ ដោយសារឧបករណ៍ឆក់ត្រីនោះ ដោយសារនៅលើខ្នងជនរងគ្រោះជាប្តីមានជាប់ជាមួយអាគុយឆក់ត្រី ចំណែកសពប្រពន្ធដែលឱបពីលើនោះ គឺដោយសារឃើញប្តីឆក់ដួល ក៏ស្ទុះទៅជួយ ក៏បណ្តាលឱ្យឆក់ស្លាប់ទាំង២នាក់តែម្តងទៅ។

លោកវរសេនីយ៍ឯក សាយ ដេត បានបន្ថែមទៀតថា សពជនរងគ្រោះជាប្តីមានឈ្មោះ ឌិត ប៉ោន អាយុ២៥ឆ្នាំ ចំណែកសពស្ត្រី ជាប្រពន្ធមានឈ្មោះ ឡុង ភេន អាយុ២៣ឆ្នាំ រស់នៅភូមិបង្កន ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ មានកូនស្រីតូចម្នាក់ទើបតែមានអាយុ១ឆ្នាំ សពត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន៕

Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *