ប្រើ​ប្រាស់​ថ្នាំញៀន​ជ្រុលពេក​ ជនសង្ស័យ​ឡើង​បែក​ថ្នាំ​យកដែកកេះ​មក​ដុត​កម្ទេច​ផ្ទះ​ខ្លួន​ឯង​ឆេះម៉ត់​តែម្តង​

បាត់ដំបង ៖ កាលពីថ្ងៃទី​១៦ ខែសីហា ឆ្នាំ២០១៩នេះ បុរសបែកថ្នាំម្នាក់​​ បាន​យកដែក​កេះ​មក​ដុត​ផ្ទះ​របស់ខ្លួនឯង​ឡើង​ឆេះម៉ត់តែម្តង ហេតុការណ៍​នេះ​បានកើតឡើង​ស្ថិតនៅត្រង់ចំណុច​ក្រុមទី​៤ ភូមិ​ស្តង់ ឃុំអន្លង់វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង​។

បើតាម​សមត្ថកិច្ច​ បាន​ប្រាប់ឲ្យដឹងថា ករណី​នេះ​បង្ករឡើងដោយ​​ជនសង្ស័យឈ្មោះ ណាប់ ឆៃរ៉ា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ បានយកដែកកេះដុតផ្ទះឪពុកម្តាយខ្លួនឯង បណ្តាលអោយឆេះអស់ទាំងស្រុងតែម្តង។ ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើ មានទំហំ០៥ម៉ែត្រX០៦ម៉ែត្រ សង់អំពីឈើ ជញ្ជាំងក្ដារប្រក់ស័ង្កសី ឆេះទាំងស្រុង រួមនឹងសម្ភារៈបាត់បង់ កង់ចំនួន០១គ្រឿង, រទេះឈើចំនួន០១គ្រឿង និងមាសចំនួន០៦ជីផងដែរ។

លោក ឈឿន ណាត់ ជា​ឪពុក​របស់ជនសង្ស័យ​ បាន​ឲ្យដឹងថា កូនប្រុសរបស់លោកបានប្រើប្រាស់ថ្នាំញៀនយូរហើយ ហើយនៅថ្ងៃកើតហេតុទំនងថ្នាំធ្វើទុកខ្លាំង ទើបឈានដល់ការយកដែកកេះមកដុតផ្ទះតែម្តង។

ទាក់ទិន​ករណីនេះ លោកអនុសេនីយ៍ឯក សំ ប៊ុនហេង នាយផ្នែកប្រឆាំង​បទល្មើសគ្រឿងញៀននៃអធិការនគរបាល​ស្រុកសង្កែ បាន​ឲ្យ​ដឹងថា ជនបង្កហេតុខាងលើ ក្រោយធ្វើសកម្មភាពដុតផ្ទះខ្លួនឯងរួច ត្រូវបានឪពុកម្តាយប្តឹងអោយសមត្ថកិច្ចជំនាញនាំខ្លួនទៅបន្សាបសារធាតុញៀននៅមណ្ឌលពិភពនៃក្តីសង្ឃឹមនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះផងដែរ៕

Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *