លោក​ផ្កាយ២ ស៊ន សៀ មេបញ្ជាការ​កង​ពលតូច​លេខ​៤ និង​បក្ខពួក​រងការ​តិះទៀន​ថា វ៉ៃធ្វើ​ទារុណកម្ម​ករ​ឡរឥដ្ឋ​ស្ទើរស្លាប់​ ជនរងគ្រោះ​នឹងម្តាយ​អំពាវនា​វ​ដល់សម្តេច​តេជោ​​ជួយរកយុត្តិធម៌​

ឧត្តមានជ័យ ៖ កាលពីថ្ងៃទី​១២ ខែសីហា ឆ្នាំ២០១៩នេះ ជនរងគ្រោះជាកម្មករ​ឡឥដ្ឋ​ និង​ម្តាយ​របស់ខ្លួន​ បាន​ធ្វើការ​អំពាវនាវ​ដល់ប្រមុ​ខរាជរដ្ឋាភិបាលកម្ពុជា សម្តេច​តេជោ ហ៊ុន សែន ជួយ​រកយុត្តិធម៌ជូន​គ្រួសារ​គាត់ ក្រោយ​រងការ​ជិះជាន់​ពីសំណាក់​លោកផ្កាយ២ ស៊ន សៀ វាយធ្វើបាប​ឥតមេត្តា​ ព្រោះតែអាច​ខ្លួន​ជាមេ​បញ្ជាការ​កងពលតូច​លេខ​៤ គ្មាន​នរណា​ហ៊ាន​ធ្វើ​ស្អីលោក​នោះទេ។

ជនរងគ្រោះឈ្មោះ វ៉ាន់ ឆៃលី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅសិប្បកម្មឡរឥដ្ឋ ក្នុងភូមិអូរឫស្សី សង្កាត់សំរោងក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ ម្ដាយជនរងគ្រោះឈ្មោះ ឡាច វន ជាស្រ្ដីមេម៉ាយ អាយុ៦៣ឆ្នាំ មានស្រុកកំណើតនៅភូមិ បាក់ដាវឃុំបាក់ដាវ ស្រុកព្រែកតាមាក់ ខេត្តកណ្ដាល។

បើតាម​ស្ត្រី​ជាម្តាយ​ជនរងគ្រោះ​ បាន​ឲ្យដឹងថា គ្រួសារ​គាត់​រស់នៅ​ក្នុងជីវភាពក្រីក្រ ជ្រកក្រោមដំបូលរោង ធ្វើជាកម្មករឡរឥដ្ឋអស់រយ:ពេលជាង១០ឆ្នាំមកហើយ។ កូន​ប្រុស​របស់គាត់​ត្រូវបាន​លោក​ផ្កាយ២ ស៊ន សៀ មេបញ្ជាការកងពលតូចលេខ៤ និង​លោកផ្កាយ​១ ចាន់ នី តួនាទី​មេបញ្ជាការ​រង​ ព្រមទាំង​មន្ត្រីយោធា៣នាក់ទៀត បានធ្វើការ​វ៉ៃ លុតជង្គង់​ និង​ធ្វើទារុណកម្ម ​​យ៉ាង​សាហាវ​ព្រៃផ្សៃ​ដូច​​របបប៉ុលពត​ ស្ថិតនៅ​ក្នុង​បន្ទាយទាហាន​ រហូត​ធ្វើ​ឲ្យ​កូន​គាត់​រងរបួសធ្ងន់ធ្ងរ​ ត្រូវ​បញ្ជូន​ទៅសង្គ្រោះ​បន្ទាន់​នៅមន្ទីរពេទ្យ​​ខេត្ត​សៀមរាម ដោយ​អាការៈ​គ្រាំគ្រា​ផ្នែក​ខាងក្នុង​ និង​ហើម​ខួរ​ក្បាល​។

ម្តាយ​ជនរងគ្រោះ​ បាន​បន្តថា ហេតុការណ៍​នៃការធ្វើបាបកូន​ប្រុស​របស់គាត់​កាលពីវេលាម៉ោង​០៦និង​២០នាទី​ព្រឹក​ រហូត​​​ដល់ម៉ោង​​១រសៀល​ ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ២០១៩​។ មូលហេតុ​នៃការ​ធ្វើបាប​ គឺលោក ​ស៊ន សៀ ទិញឥដ្ឋ មួយ​ឡានយកទៅដាក់បីកន្លែង ដែលថៅកែឡរឥដ្ឋ មិនឲ្យ​ចូលទៅដាក់នៅក្នុងបន្ទាយ ព្រោះកន្លងទៅជាប់ផុង រថយន្ដ​​ដឹកឥដ្ឋម្ដងមកហើយអស់មួយយប់ពីថ្ងៃទើបយកចេញរួច។

ក្រោយ​ពីលោក​ ស៊ន សៀ ខឹង​កម្មករ​ដឹកឥដ្ឋ​មិនធ្វើតាម​បញ្ជារបស់ខ្លួន​ ក៏ចាប់ផ្តើម​វ៉ៃ​ទាត់ធាក់​ជនរងគ្រោះ​ស្ទើររស់​ស្លាប់ហើយ​នោះ​ មិន​អស់ចិត្ត​បាន​ឲ្យ​មន្ត្រីក្រោម​ឳវាទ​ប្រដាប់ដោ​យកាំភ្លើង​គ្រប់ដៃរ បាន​ចាប់​សែង​ដាក់​ឡាន​ដឹក​យក​ទៅវ៉ៃបន្តទៀត​ក្នុង​បន្ទាយ​កងពលតូច​លេខ​៤។

ករណីនេះ​​ស្ត្រី​ជាម្តាយ​ជនរងគ្រោះ សូមធ្វើការ​អំពាវ​នាវ​ដល់​នាយ​ឧត្តម​សេនីយ៍ វង្ស ពិសេន មេបញ្ជាការ​កងយុទ្ធពល​ខេមរភូមិ​ន្ទ​ សម្តេច​ពិជ័យ​សេនា ទៀ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​ និង​សម្តេច​តេជោ ហ៊ុន​ សែន សូមមេត្តា​ជួយរកយុត្តិធម៌ជូ​នពួកគាត់​ផង ព្រោះ​គ្មាន​មន្ត្រីថ្នាក់ខេត្ត​ណាដោះស្រាយជូនគ្រួសារ​គាត់​នោះទេ៕

Author: Virak Tep

Leave a Reply

Your email address will not be published. Required fields are marked *