ក្មេង​ប្រុស​ជនជាតិ​ចិនម្នាក់​បាន​រកឃើញ​ផូស៊ីល​ស៊ុត​ដាយណូស័រ​ ដែលមាន​អាយុកាល​៦៦លានឆ្នាំនៅក្បែ​រច្រាំង​ទន្លេ

ចិន ៖ បើតាម​សារព័ត៌មាន​ CGTN នៅថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ២០១៩នេះ​ បាន​ចេញផ្សាយថា ក្មេងប្រុសឈ្មោះ Zhang Yangzhe អាយុ៩ឆ្នាំ បានរកហ្វូស៊ីលរបស់ស៊ុត​ដាយណូស័រដែលមានអាយុកាលតាំងពីចុងសម័យកាលក្រេតាសេ (៦៦លានឆ្នាំមុន) ខណៈរូបគេកំពុងតែលេងជាមួយម្តាយនៅក្បែរស្ពានដុងជាំង ក្នុងទីក្រុងហួយយាន ខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន។

យោងតាមប្រភពបានឱ្យដឹងថា នៅពេលដែល Zhang កំពុងថតរូប គេបានប្រទះឃើញដុំថ្មចម្លែកកប់នៅក្នុងដី គេក៏ចូលទៅពិនិត្យមើល និងសង្ស័យថាជាស៊ុតដាយណូស័រ ក៏រត់ទៅប្រាប់ម្តាយឱ្យមកជួយមើលគ្នា ក្រោយមក ម្តាយរបស់ Zhang បានរាយការណ៍ទៅសមត្ថកិច្ចក្នុងតំបន់នោះ​។​ ក្រោយមកអ្នកជំនាញបានបញ្ជាក់ថា ថ្មទាំង ១១ នេះពិតជាស៊ុតដាយណូស័រពិតមែន ហើយមានអាយុជាង៦៦លានឆ្នាំមកហើយ។ បន្ថែមពីនេះ Zhang ធ្លាប់ឃើញស៊ុតដាយណូស័រនៅក្នុងសារមន្ទីរ និងបានរៀនពីចំណេះដឹងទាំងអស់នេះ ចេញពីសៀវភៅ និងនៅសាលារៀន ដូច្នេះគេអាចសម្គាល់ស៊ុតដាយណូស័របានយ៉ាងល្អ ហើយក្មេងប្រុសអាយុ ៩ឆ្នាំ រូបនេះក៏បានដឹងថែមទៀត អំពីស៊ុតដាយណូស័រគឺ សុទ្ធសឹងតែមានទម្រង់ខុសៗគ្នា។

គួរឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៦មក ស៊ុតដាយណូស័រប្រមាណ១៧,០០០ ត្រូវបានរកឃើញនៅក្នុងប្រទេសចិន ហើយស៊ុតទាំងនោះត្រូវបានគេរក្សាទុកនៅក្នុងសារមន្ទីរជាតិ ដើម្បីទុកឱ្យក្មេងជំនាន់ក្រោយបានស្គាល់៕

Author: Virak Tep

Leave a Reply

Your email address will not be published. Required fields are marked *