តំបន់ជួរភ្នំ​ក្រវ៉ាញ និង​តំបន់​ទេសភាពទន្លេសាប​ ជាទីកន្លែង​ដែលមានសក្តានុពល​សម្រាប់ការអភិវឌ្ឍន៍ជាទេសចរណ៍

តំបន់សក្តានុពលសំខាន់ៗ២ នៅក្នុងតំបន់ជួរភ្នំក្រវាញ និងតំបន់ទេសភាពទន្លេសាបត្រូវបានជ្រើសរើសជាមណ្ឌល​ផ្តុំ​ទេសចរណ៍ធម្មជាតិ សម្រាប់គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍​ធម្មជាតិ​កម្ពុជា។

យោងតាមក្រសួងបរិស្ថានកម្ពុជា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការជ្រើសរើស មណ្ឌលផ្តុំទេសចរណ៍ធម្មជាតិ (Ecotourism Hubs) សម្រាប់ គម្រោង“និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា” នៅក្នុងតំបន់ជួរភ្នំក្រវាញ និងតំបន់ទេសភាពទន្លេសាប និងដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងក្រុមការងារលេខាដ្ឋានគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា ជាច្រើននាក់។

សម្រាប់កិច្ចប្រជុំនេះមានគោលបំណងបង្ហាញអំពីរបកគហើញនៃការសិក្សាស្រាវជ្រាវ និងពិភាក្សាលើ ការកំណត់ និងជ្រើសរើសមណ្ឌលផ្តុំទេសចរណ៍ធម្មជាតិសម្រាប់ “គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា” ជាមួយកម្មវត្ថុចំនួន៣ គឺ ៖

១-បង្ហាញពីដំណើរការ លទ្ធផល និងរបកគំហើញនៃការសិក្សាស្រាវជ្រាវវាយតម្លៃ

២-ពិភាក្សា កំណត់ និងជ្រើសរើសមណ្ឌលផ្តុំទេសចរណ៍ធម្មជាតិ នៅក្នុងតំបន់គោលដៅគម្រោង

៣-ផ្តល់ និងពិភាក្សាអំពីធាតុចូលស្តីពីគម្រោងអភិវឌ្ឍន៍ផ្លូវលំ សម្រាប់គាំទ្រដល់មណ្ឌលផ្តុំទេសចរណ៍ធម្មជាតិ នៅក្នុងតំបន់គោលដៅគម្រោង។

បន្ថែមពីលើនេះ កិច្ចប្រជុំផ្តោតសំខាន់ទៅលើការពិភាក្សា កំណត់ និងជ្រើសរើសមណ្ឌលផ្តុំទេសចរណ៍ធម្មជាតិ នៅក្នុងតំបន់គោលដៅគម្រោង ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន ១០ គឺ ៖

១-តំបន់ដែលអាចទៅដល់ Accessibility ,២-តំបន់ដែលមានការទាក់ទាញ Attractiveness, ៣-ការប្រើប្រាស់ដីធ្លី Land use / Tenure, ៤-តំបន់ដែលងាយរងផលប៉ះពាល់ Sensitivity of Location, ៥-តំបន់ដែលអាចទទួលបានសេវា Access to services, ៦-តំបន់ទេសចរណ៍ដែលមានស្រាប់ Existing Ecotourism / CBT / CBET sites, ៧-សង្គម-សេដ្ឋកិច្ច Socio-economic, ៨-តំបន់ដែលមានតម្រូវការទីផ្សារ Market demand, ៩-តំបន់ជីវៈចម្រុះ និង១០-តំបន់ដែលផ្តល់នូវនានាភាពនៃអេកូទេសចរណ៍ Diversity of ecotourism offering។

សូមបញ្ជាក់ថា យោងតាមលក្ខណៈវិនិច្ឆ័យទាំង១០នេះ អង្គប្រជុំបានពិភាក្សានិងផ្តល់យោបល់កែលម្អទៅលើលទ្ធផលសិក្សា រួមទាំងការជ្រើសរើសមណ្ឌលផ្តុំទេសចរណ៍ធម្មជាតិ សម្រាប់គម្រោង៕

Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *