តិចនិក​៥យ៉ាង​របស់​សេដ្ឋី​វ័យក្មេង​ Brain Wong ក្នុង​ការ​បង្កើន​សន្ទុះអាជីវកម្ម​

លោក Brain Wong ដែលបច្ចុប្បន្ននេះ គឺជាសហស្ថាបនិក និងនាយកប្រតិបត្តិជនជាតិកាណាដាមួយរូប ដែលអាចរកចំណូលបានជាង៣២លានដុល្លារ ឲ្យក្រុមហ៊ុនបច្ចេកវិទ្យាផ្សព្វផ្សាយលើទូរស័ព្ទមួយ ឈ្មោះ​ថា “Kiip”។ គាត់ថែមទាំងបាននិពន្ធសៀវភៅផ្ទាល់ខ្លួនមួយក្បាល ដែលមានចំណងជើងថា The Cheat Code ដែលរៀបរាប់អំពីគន្លឹះដ៏មានប្រយោជន៍ជាង៧០គន្លឹះ ខាងក្រោមនេះ គឺជាតិចនិក​ទាំង៥ ដកស្រង់ចេញពីសៀវភៅរបស់លោក៖

១.ប្រើប្រាស់សៀវភៅសម្រាប់កត់ត្រា ៖ ទម្លាប់ដ៏សាមញ្ញជាប្រចាំរបស់លោក ក្នុងការកាន់សៀវភៅជាប់តាមខ្លួនរាល់ពេលមានការប្រជុំ បានជួយឲ្យលោកមានសមត្ថភាពក្នុងការបកស្រាយពីគំនិតរបស់ខ្លួន បានប្រកបដោយភាពល្អិតល្អន់ម៉ត់ចត់ និងមានខ្លឹមសារច្បាស់លាស់ ដែលជាប្រការដ៏មានប្រសិទ្ធភាពមួយជួយលោកឲ្យយកឈ្នះលើកិច្ចការទាំងឡាយ។ តាមន័យនេះ លោកចង់បង្ហាញថា ការបានត្រៀមលក្ខណៈជាមុនដោយរៀបចំកត់ត្រាទុក និងសង្ខេបស្រង់យកចំណុចសំខាន់ៗដែលចេញពីគំនិតរបស់ខ្លួន គឺជាជំនួយការក្នុងការបង្ហាញពីគម្រោងការនៃគំនិតរបស់អ្នក និងរំលឹកអ្នកនូវទិសដៅដែលប្រធានអ្នកតម្រង់ទៅ។

២.តម្រង់ការយកចិត្តទុកដាក់ទៅលើការងាររបស់អ្នក មិនមែនអ្នកដទៃឡើយ ៖ ការប្រកួតប្រជែងជាមួយខ្លួនឯង គឺជាទីលានប្រកួតប្រជែងដ៏វិសេសថ្លៃថ្លាមួយ ដែលតែងជំរុញអ្នកឲ្យមានភាពរីកចម្រើន អភិវឌ្ឍខ្លួនបានកាន់តែល្អប្រសើរ​ជាលំដាប់ពីមួយដំណាក់ទៅមួយដំណាក់។ ការផ្ដោតទៅលើគោលដៅរបស់ខ្លួនតែម្យ៉ាង ផ្គួបផ្សំនឹងភាពសុទិដ្ឋិ​​និយមរបស់ខ្លួនផងនោះ នាំការយកឈ្នះលើការប្រកួតប្រជែងនឹងអ្នកដទៃមកដល់អ្នកមិនខាន។

៣.ផ្ដល់ការយកចិត្តទុកដាក់ទៅលើសោភណភាព ៖ ក្នុងន័យនេះ លោកចង់ផ្ដល់ភាពសំខាន់ទៅលើផលិតផលរបស់អ្នកដែលអាចល្អ ឬមិនល្អគឺអាស្រ័យទៅនឹងការបង្ហាញខ្លួនរបស់វាដូចគ្នា ទាំងរូបរាងសម្បកខាងក្រៅ ទាំងសំឡេង និងអារម្មណ៍ដែលវាបន្ទេរទៅឲ្យអតិថិជនរបស់អ្នក។ វាសំខាន់ណាស់រហូតសូម្បីតែអារម្មណ៍ដែលអ្នកផ្ដល់ឲ្យអតិថិជនតាមរយៈរូបភាពដែលអ្នកជ្រើសរើសឆ្លើយតបតាមemail ក៏ត្រូវប្រយ័ត្នចំពោះfontអក្សរ និងពណ៌របស់វា ត្រូវឲ្យមានភាពសមរម្យ ព្រមទាំងពិនិត្យឡើងវិញនូវអ្វីដែលអ្នកបានសរសេរមុននឹងផ្ញើទៅពួកគេ។

៤.ស្វែងរកឲ្យឃើញនូវអ្វីដែលជាចំណុចពិសេសរបស់អ្នក ៖ មូលហេតុដែលមិនគួរឲ្យមើលរំលងមួយ ដែលជាភាពជោគជ័យរបស់អ្នកបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយភាពអស្ចារ្យបាន គឺជាការស្វែងរកឲ្យឃើញពីចំណុចពិសេសរបស់ខ្លួន និយាយយ៉ាងសាមញ្ញគឺជាអ្វីដែលអ្នកធ្វើបានល្អជាងអ្នកដទៃទៀត និងអ្វីដែលអ្នកធ្វើវាហើយទទួលអារម្មណ៍សេចក្ដីសុខមកវិញ រួចទាញប្រយោជន៍ពីភាពពិសេសរបស់ខ្លួន និងយកវាមកអភិវឌ្ឍ ប្រតិបត្តិជាប្រចាំដើម្បីផ្ដល់ការលូតលាស់ដល់វាឲ្យឈានដល់ភាពអស្ចារ្យកំពូល។

៥.ផ្ដល់ថ្ងៃកម្សាន្តលំហែចិត្តកាយដល់ខ្លួនឯង ៖ ការផ្ដល់ពេលវេលាសម្រាប់ខ្លួនឯងសម្រាកលំហែកាយ ចិត្តគំនិត និង​អារម្មណ៍ ប្រៀបដូចជាមានថ្នាំព្យាបាលចិត្តគំនិតឲ្យមានភាពស្រស់ស្រាយ ធូរស្បើយយ៉ាងស័ក្ដិសិទ្ធិយ៉ាងដូច្នោះ។ អ្នកមិនត្រឹមតែទទួលបាននូវភាពធូរស្បើយក្នុងចិត្តបន្ទាប់ពីចាកចេញពីបរិយាកាសស្មុគស្មាញនៅកន្លែងធ្វើការ​ជាប្រចាំថ្ងៃនោះទេ ប៉ុន្តែវាថែមទាំងជួយផ្ដល់ថាមពលដល់អ្នកសម្រាប់ចេញទៅទប់ទល់ នឹងបញ្ហាលំបាកទាំង​ឡាយ និងរក្សាបាននូវភាពអស្ចារ្យជារបស់អ្នកតទៅទៀតផងដែរ៕

Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *