មិនធម្មតា ! គម្រោងសាងសង់ទីក្រុងមាស តម្លៃជាង២០០លានដុល្លារ ត្រៀមបង្ហាញរូបរាង នៅទីក្រុងប៉ោយប៉ែត

ប៉ោយប៉ែត ៖  នាពេលបច្ចុប្បន្ន នេះសង្កេតឃើញថា  គម្រោងជាច្រើនបានរីកដុះដាល  ដូចផ្សិតនៅទីក្រុងប៉ោយប៉ែត  ខេត្តបន្ទាយមានជ័យ  ដែលសរបញ្ជាក់ឲ្យឃើញពីភាពរីកចម្រើន  របស់ខេត្តទាំងមូល។ តួយ៉ាងកាលពីម្សិលមិញនេះ  ក៏មានការរៀបចំពិធីក្រុងពាលីសម្ពោធការដ្ឋានថ្មី  សាងសង់សំណង់អគារជាច្រើន  ដែលត្រៀមចាយទុនប្រមាណ២០០លានដុល្លារ  ដើម្បីកែប្រែអយសមឈ្មោះក្រុមហ៊ុនថា  “ទីក្រុងមាស”។

នៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ទីក្រុងមាសរបស់ក្រុមហ៊ុន ជីងតា ទីរៀល អ៊ីស្ទេត ឌីវេឡុបមិន ដែលហៅឈ្មោះថា (ទីក្រុងមាស) ស្ថិតនៅភូមិ ច័ន្ទគិរី សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី  ៣០ ខែមិថុនា ឆ្នាំ២០១៩ មានការអញ្ជើញចូលរួមដោយ ចៅសង្កាត់ប៉ោយប៉ែត លោក ពោត លោត អគ្គនាយកក្រុមហ៊ុន លោក ឆិន ចឺជី,  លោក ហង្ស ឧត្ដម ម៉ានី ប្រធានទីផ្សារក្រុមហ៊ុន និងក្រុមការងារជាច្រើនផ្នែកទៀត។

បើតាមចៅសង្កាត់ប៉ោយប៉ែត លោក ពោត លោត បានមានប្រសាសន៍ នៅក្នុងពិធីសម្ពោធការសាងសង់របស់ទីក្រុងមាសថា លោករំពឹងខ្ពស់ថា សំណង់អគារដែលបង្ហាញវត្តមាននៅក្រុងប៉ោយប៉ែតនេះ  នឹងលើកមុខមាត់ដល់ក្រុងកាន់តែល្អនិងរីកចម្រើន ហើយនេះគឺជាគម្រោងធំមួយដែលចាយទុន រហូតដល់២០០លានដុល្លារ មានកាស៊ីណូ   មានខុនដូ ផ្សារទំនើប ផ្ទះវីឡាជាដើម។ នៅក្នុងនោះលោកក៏សំណូមពរឲ្យការសាងសង់ និងការដែលមក វិនិយោគនៅកម្ពុជា ប្រកបដោយ គុណភាព និងគោរពទៅតាមគោលការណ៍របស់រដ្ឋាភិបាល។

ដោយឡែកលោក ឆិន ចឺជី អគ្គនាយកក្រុមហ៊ុនទីក្រុងមាស បានមានប្រសាសន៍ លើកឡើងថា  ក្រុមហ៊ុនលោកមានគម្រោងវិនិយោគលើផ្ទៃដី ប្រាំបីហិចតា មានទីតាំងនៅភូមិឃុំខាងលើនេះ គឺមានគម្រោងបើកការដ្ឋានសាងសង់  នៃគម្រោងផ្ទះវីឡា ខុនដូ កាស៊ីណូ ផ្សារទំនើប  និងទីតាំងជាច្រើនទៀតនៅលើផ្ទៃដីទាំងមូល លោករំពឹងថា អតិថិជនអាចមកទស្សនា គម្រោងរបស់ក្រុមហ៊ុនបាន នៅទីតាំងនេះតែម្តង។

ជាចុងក្រោយ លោក ហង្ស ឧត្ដមម៉ានី ដែលជាប្រធានទីផ្សារក្រុមហ៊ុន បានប្រាប់អោយដឹងថា ក្រុមហ៊ុនមានគម្រោងជាច្រើន ក្នុងការផ្តល់ភាពងាយស្រួល ទីតាំងល្អសម្រាប់អតិថិជន ដោយក្រុមហ៊ុន មានកាស៊ីណូ មួយ ឬខុនដូបួន  ដែលមានកម្ពស់១៣ជាន់  ផ្សារទំនើប   ផ្ទះវីឡា  និងគម្រោងជាច្រើនទៀតផងដែរ៕

Author: Virak Tep

Leave a Reply

Your email address will not be published. Required fields are marked *