កម្លាំងសមត្ថកិច្ច​ខណ្ឌមានជ័យ​បង្ក្រាប​ទីតាំង​ជល់មាន់ និង​បាញ់អាប៉ោង​ដុះស្លែ​ ដោយបានឃាត់ខ្លួន​ជនសង្ស័យ​៩នាក់

ភ្នំពេញ ៖ នៅថ្ងៃទី​៣០ ខែមិថុនា​ ឆ្នាំ២០១៩នេះ កម្លាំង​សមត្ថកិច្ច​ខណ្ឌមានជ័យ​ ដឹកនាំដោយ​លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បាន​ឆ្មក់ចូលបង្ក្រាបទីតាំង​ជល់មាន់ និង​បាញ់អាប៉ោង​ដុះស្លែ​មួយ​កន្លែង​ ដែលស្ថិតនៅ​ផ្លូវលំ ភូមិឬស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាម​លោកវរសេនីយ៍​ឯក ម៉េង វិមានតារា​ អធិការនគរបាល​ខណ្ឌមានជ័យ​ បានថ្លែងប្រាប់ថា កម្លាំងផ្នែកនគរបាលយុត្តិធម៌ និងកម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ហើយនៅពេលមកដល់ចំណុចដីឡូតិ៍ព្រៃស្មៅ (ទុកចោល) ក៏ប្រទះឃើញជនសង្ស័យជាច្រើននាក់ កំពុងលេងល្បែងស៊ីសងខុសច្បាប់ ឃើញដូចនោះសមត្ថកិច្ចបានចូលទៅឡោមព័ទ្ធ ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់។

លោកអធិការខណ្ឌមានជ័យ​ បាន​បន្តថា ជនសង្ស័យទាំង​៩នាក់រួមមាន ៖ ទី១៖ឈ្មោះ ទិត វិចិត្រ អាយុ៣៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន, ទី២៖ឈ្មោះ ឡុង តារ៉ា អាយុ៣៧ឆ្នាំ មុខរបរជាងកញ្ចក់, ទី៣៖ឈ្មោះ គឹម ង៉ែតសុពល អាយុ៦២ឆ្នាំ មុខរបរទីប្រឹក្សាក្រសួងមហាផ្ទៃ, ទី៤៖ឈ្មោះ ហូ ផល អាយុ៤៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន, ទី៥៖ឈ្មោះ សឿន សុង អាយុ៤៨ឆ្នាំ មុខរបររត់ម៉ូតូកង់បី, ទី៦៖ឈ្មោះ មោក យ៉េន អាយុ៣៦ឆ្នាំ អ្នកកាសែតពិភពថ្មីព័ត៌មាន, ទី៧៖ឈ្មោះ ឈួន រ៉ាឈូ អាយុ៥៣ឆ្នាំ អ្នកកាសែតវីរៈសែនជ័យ, ទី៨៖ឈ្មោះ គ្រង រដ្ឋា អាយុ៤៨ឆ្នាំ អ្នកកាសែតសង្រ្គោះប្រជាពលរដ្ឋខ្មែរស្នេហាជាតិ និងទី៩៖ឈ្មោះ គឹម សាវិត អាយុ២៩ឆ្នាំ អ្នកកាសែតអំណាចខ្មែរ។

ក្នុងសមត្ថកិច្ចជំនាញដកហូតបាន សត្វមាន់ឈ្មោល (មាន់ជល់) ចំនួន០៣ក្បាល, ចានសម្រាប់លេងអាប៉ោងចំនួន០១, កំរាលសម្រាប់ចាក់អាប៉ោង ចំនួន០១ផ្ទាំង, ជញ្ជីងថ្លឹងចំនួន០១, កៅអីជ័រចំនួន០៩, នាមប័ណ្ណមួយចំនួន, ខ្នាយដែកចំនួន០២ដើម, ទូរស័ព្ទដៃចាស់ចំនួន១១គ្រឿង, លុយខ្មែរចំនួន៨៧០,០០០រៀល និង ម៉ូតូចំនួន០៤គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង០៩នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

Author: Virak Tep

Leave a Reply

Your email address will not be published. Required fields are marked *