ព្រះរាជអាជ្ញារង​ខេត្តក្រចេះដឹកនាំកម្លាំង​អាវុធ​ហត្ថបង្ក្រាបទីតាំង​​លាក់ឈើដុះស្លែ​ ក្នុង​សង្កាត់​អូរឬស្សី ខេត្តក្រចេះ

ក្រចេះ ៖ នៅវេលាម៉ោង​៥ល្ងាច ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ជា សុភ័ក្រ ព្រះរាជអាជ្ញារ​ង​ខេត្តក្រចេះ​បាន​ដឹកនាំកម្លាំងកងរាជអាវុធ​ហត្ថខេត្តក្រចេះ ចុះបង្ក្រាប​ទីតាំង​ស្តុកឈើ​ដុះស្លែមួយ​កន្លែង​ ដែល​ស្ថិតនៅទីតាំង​ភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។

បើតាម​លោក ជា សុភ័ក្ត្រ​ ព្រះរាជអាជ្ញារង​នៃអយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ បានថ្លែង​ប្រាប់ថា មានរថយន្តសាំយ៉ុងចំនួន១១គ្រឿង បានធ្វើសកម្មភាពដឹកជញ្ជូនឈើ ចេញពីស្រុកសេសាន ខេត្តស្ទឹងត្រែង ឆ្ពោះមកកាន់ខេត្តក្រចេះ ហើយរថយន្តទាំងនោះ បានបើកចូលក្នុងលំនៅដ្ឋានមួយកន្លែង ដែលគេស្គាល់ថា គឺជាផ្ទះរបស់ជនសង្ស័យមេឈ្មួញជើងខ្លាំងមួយរូប ប្រចាំខេត្តក្រចេះ ឈ្មោះ ជុំ វុទ្ធី ហៅ (ធី កាប៉ូ)។

រថយន្តសាំយ៉ុង ដែលដឹកជញ្ជូនឈើចេញពីខេត្តស្ទឹងត្រែងទាំងអស់ គេបានដឹងថា រថយន្ដទាំងអស់មានចំនួន១១គ្រឿងក្នុងនោះ៣គ្រឿង បានផ្ទុកទៅដោយឈើប្រណិតធ្នុង ប៉ុន្តែរថយន្តដែលសមត្ថកិច្ចបានរកឃើញ និងរឹបអូសបានពីក្នុងផ្ទះជនសង្ស័យ បានតែចំនួន៨គ្រឿងប៉ុណ្ណោះ បូករួមទាំងឈើ ដែលផ្ទុកនៅក្នុងនោះផងដែរ។

បើតាម​ប្រភព​ច្បាស់ការមួយ​ បានឲ្យដឹងថា រថយន្តដឹកឈើទាំងអស់នោះ នឹងបន្តសកម្មភាពដឹកជញ្ជូនឈើឆ្លងដែន ទៅកាន់ប្រទេសវៀតណាម នៅពេលយប់ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកស្នួល ខេត្តក្រចេះ។ ហើយសកម្មភាពដឹកជញ្ជូនឈើនេះ មិនមែនទើបកើតមាននោះទេ គឺកើតមានច្រើនឆ្នាំមកហើយ ប៉ុន្តែគ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់ ឬក៏បង្ក្រាបនោះទេ។

មកទាល់ថ្ងៃនេះ គេមិនទាន់បាន​ដឹងថា តើព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូង ខេត្តក្រចេះ នឹងបន្តស្រាវជ្រាវវែកមុខរកមេឈ្មួញ ហើយបន្តនីតិវិធី នឹងចាត់ការយ៉ាងណានោះនៅឡើយទេ ប្រសិនបើស្ថាប័នយុត្តិធម៌រកឃើញថា លោក ជុំ វុទ្ធី ឬហៅថា( ធី កាប៉ូ )មានជាប់ពាក់ព័ន្ធនឹងជំនួញឈើនោះមែន?៕

Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *