ខ្លាំងមែន ! មេឃុំគោកធ្លកលើ និងស្មៀន​ ហ៊ាន​ប្រឆាំង​ដីការ​សម្រេច​របស់តុលាការ​ខេត្តសៀម​រាបទៀត​ ក្រោយពី​រំលោភ​បំពាន​ដីព្រៃរបស់រដ្ឋ​ និង​ដីពលរដ្ឋ​យ៉ាងគឃ្លើន​

សៀមរាប ៖ ក្រោយ​ពីមានការ​រំលោភបំពាន​ដីប្រជាពលរដ្ឋ​ពីសំណាក់​ស្ត្រីម្នាក់​ឈ្មោះ ទ្រី សុខអ៊ីម ហៅហ្គិច ទៅលើ​ដីប្រជាពលរដ្ឋ​ជា​ង​២០ហិកតា និង​ដីព្រៃរបស់រដ្ឋ​ជាង​១០០ហិកតានោះ ដែលស្ថិតនៅ​ឃុំ​គោកធ្លកលើ ស្រុកជីក្រែង​ ខេត្តសៀមរាប ត្រូវបាន​ប្រជាពលរដ្ឋ​បាន​ដាក់ពាក្យ​បណ្តឹងទៅកាន់តុលាការ​​ខេត្តសៀមរាប​ មកទាល់នឹងថ្ងៃនេះ​ សេច​ក្តី​សម្រេច​របស់​តុលាការ​ខេត្តសៀមរាប បាន​អនុញ្ញាតឲ្យប្រជាពលរដ្ឋកាន់កាប់​ដីដូចដើមវិញ និង​ហាម​ឃាត់​ចំពោះ​ឈ្មួញស្រ្តី​ឈ្មោះ ទ្រី​​ សុខអ៊ីម ហៅ ហ្គិច​ មិន​ឲ្យកាន់​កាប់​ដីដែលរំលោភ​បំពាន​ជាបន្តទៀតទេ។

ប៉ុន្តែ​​យោង​តាម​ប្រភព​ពីប្រជាពលរដ្ឋ​ បាន​ឲ្យដឹងថា ជារឿង​ដែលនិកស្មាន​មិនដល់បែជាលោកលោកមេឃុំ​គោកធ្លក​លើឈ្មោះ ទ្រី និង​ស្មៀនឈ្មោះ ស៊ិច បាន​ប្រើ​ល្បិ​ច​ដ៏សែនខ្មៅងងិត​ជាមួយ​ឈ្មួញ​ទុច្ចរិត​ឈ្មោះ ណោ ថុង ជួ​ល​កម្លាំងកម្មករជាច្រើន​ដើម្បីធ្វើការ​ឈូសឆាយ​ដីព្រៃទាំងកំរោលតែម្តង​។ បើទោះបីជាប្រជាពលរដ្ឋ​កំពុងតែធ្វើការ​តវ៉ាក្តី​ក៏ក្រុមឈ្មួញ ដែលលោកមេឃុំ​បានឃុបឃិត​គ្នានោះ ត្រៀម​សុទ្ធតែកាំបិត​ពូថៅ ប្រសិន​បើនរណា​ហ៊ាន​តវ៉ាយកដីនេះ នឹងមាន​រឿងធំជាមួយពួកគេហើយ ទើប​ធ្វើ​ឲ្យប្រជាពលរដ្ឋ​ស្លូត​ត្រង់នៅតែមានការរំលោភ​បំពានដដែល​។

ប្រភព​បន្តបានឲ្យដឹងថា លោកឃុំគោកធ្លកលើ និង​ស្មៀន ព្រមទាំងឈ្មួញ​ បាន​លួច​យក​ដី​របស់​ប្រជាពលរដ្ឋ​ចំនួន​២០ហិកតា​ របស់​ប្រជាពលរដ្ឋ​ម្តង​រួចមក​ហើយ​ ដោយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋនាំគ្នា​ធ្វើការតវ៉ា​យ៉ាង​ខ្លាំង​ ព្រោះ​ជា​រឿង​មិនត្រឹម​ត្រូវ​ទាល់តែសោះ​សម្រាប់ពួកគាត់​ ជាប្រជាពលរដ្ឋ​ស្លូតត្រង់​។ ទន្ទឹម​នឹងនេះ កាលពីពេលថ្មីៗនេះ​ជនទាំង​បី​ មានគម្រោង​យកដីរបស់​ប្រជាពលរដ្ឋ ​កំពុង​​អាស្រ័យផល​ចំនួន២០ហិកតា​ទៀត ហើយ​លោកមេឃុំ និង​ស្មៀនកំពុង​ធ្វើឯកសារ​ជាន់លើគ្នា គោលបំណង​យកដីព្រៃរបស់រដ្ឋបន្ថែមទៀត។

ប្រភព​បន្តថា ដី​ចំនួន​ជាង​២០ហិកតា និង​ដីរបស់រដ្ឋ​ជាង​១០០ហិកតា​ ស្ថិតនៅ​ភូមិថ្នល់ និងភូមិស្លែងកោង ឃុំគោកធ្លក​លើ​ ស្រុកជីក្រែង​​ ខេត្តសៀមរាប ដែល​ប្រជាពលរដ្ឋ​កំពុង​ធ្វើការ​កាន់កាប់​ និង​អាស្រ័យផលជារៀ​ង​រាល់ថ្ងៃ​ ត្រូវបាន​បុគ្គល​ឈ្មោះ​ ណោ ថុង បានធ្វើការរំលោភ​យក​បាន​មួយ​ចំនួន​។ បុគ្គលនេះ​ត្រូវ​បាន​អនុញ្ញាតដោយ​មេឃុំ ព្រោះតែផលប្រយោជន៍​ធំ ហើយ​បានឈូសឆាយ​ដីព្រៃឈើយកធ្វើជាកម្មសិទ្ធយ៉ាង​គឃ្លើនតែម្តង ដែលគ្មាន​មន្ត្រីជំនាញ​ណាដឹងលឺទាល់តែសោះ។

ចំពោះករណី​នេះ អង្គភាពព័ត៌មានយើងខ្ញុំ​មិនទាន់អាចធ្វើការទំនាក់ទំនង​ទៅកាន់​​លោកមេឃុំ និង​លោក​ស្មៀន​ឃុំ​គោកធ្លកលើបានទេ ដោយឡែក​បុគ្គល​ ណោ ថុង ក៏ពុំអាចទំនាក់ទំនងបានដែរ​ ព្រោះពុំមានលេខទូរសព្ទ័ទំនាក់ទំនង​។

ទាក់ទិនករណី​នេះ ប្រជាពលរដ្ឋ​សូមធ្វើការ​សំណូម​ពរ​ដល់​ឯកឧត្តម​ ទៀ សីហា អភិបាលខេត្តសៀមរាប លោកប្រធាន​មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ ប្រធានមន្ទីរបរិស្ថានខេត្ត​ លោកអភិបាល​ស្រុក​ជីក្រែង​ សូមមេត្តាពិនិត្យ​ចំពោះករណី​បុគ្គលទាំង​៣នេះ កុំឲ្យធ្វើការ​រំលោភបំពានដីពលរដ្ឋ​ និង​ដីព្រៃរបស់រដ្ឋ​បែបនេះបន្តទៀត៕

Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *