ទីតាំង​កែឆ្នៃឈើ​ខុស​ច្បាប់​នៅកណ្តាលក្រុង​ក្រចេះ​ ត្រូ​វបានកម្លាំង​សមត្ថកិច្ច​ចម្រុះធ្វើការ​បង្ក្រាប​បានជោគជ័យ​

ក្រចេះ ៖ ទីតាំង​កែឆ្នៃឈើ​ខុសច្បាប់មួយកន្លែង​ ត្រូវ​បានម្លាំង​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​បង្ក្រាប​បាន​ដោយ​ជោគជ័យ​ ក្រោមការសម្របសម្រួលពីលោក ជា សុភក្ត្រិ ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តក្រចេះ ការបង្ក្រាបនេះ​បានធ្វើឡើង​នៅថ្ងៃទី​១១ ខែមិថុនា​ ឆ្នាំ២០១៩នេះ​ ស្ថិតនៅទីតាំង​ភូមិកន្ទ្រីង សង្កាត់អូរឬស្សី ក្រុង​ក្រចេះ ខេត្តក្រចេះ។

លោក មី វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ បានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះថា កម្លាំងរដ្ឋបាលព្រៃឈើកំពុងដឹងជញ្ជូនឈើយកទៅរក្សាទុកនៅស្ថានីបណ្ដុះកូនឈើខ្សា មិនទាន់រួចរាល់នៅឡើយទេ ហើយក៏មិនទាន់ដឹងចំនួនម៉ែត្រដែរ ដោយសារមិនទាន់បានធ្វើការវាស់វែង។

លោកបន្តទៀតថា ឈើទាំងនោះភាគច្រើជាឈើប្រភេទលេខ១ (សុក្រំ) កម្លាំងជំនាញរឹបអូសបានឈើជាច្រើន និងម៉ាស៊ីនឈូសឈើចំនួន១គ្រឿង ម៉ាស៊ីនតាបចំនួន២គ្រឿង ចំណែកម្ចាស់សិប្បកម្មកែច្នៃនោះ មិនបានស្គាល់អត្តសញ្ញាណទេ ពេលកម្លាំងចុះទៅដល់ទីតាំងនោះពួកគេបានរត់គេចខ្លួនបាត់អស់។

មន្រ្តីរដ្ឋបាលព្រៃឈើបានឲ្យដឹងថា កម្លាំងចម្រុះចុះបង្រ្កាបរួមមាន កម្លាំងអាវុធហត្ថ កម្លាំងផ្នែករដ្ឋបាលព្រៃឈើក្រចេះ កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ រួមនិងអាជ្ញាធរមូលដ្ឋាន បានចុះបង្រ្កាបទីតាំងសិប្បកម្មនេះ ហើយខណៈ​ពេលនេះកម្លាំងជំនាញកំពុងដឹកជញ្ជូនឈើចេញពីសប្បិកម្មនេះមិនទាន់អស់នៅឡើយទេ កំពុងតែបន្ដដឹកជញ្ជូន៕

Author: Virak Tep

Leave a Reply

Your email address will not be published. Required fields are marked *