មន្ត្រីកាំកុង​ត្រូល​ខេត្តកោះ​កុង ចុះត្រួតពិនិត្យទំនិញ​នៅផ្សារភូមិថ្មី​ ដើម្បី​ស្វែង​រកសារធាតុគីមី និងទំនិញ​ខូចគុណភាព​

កោះកុង ៖ ដើម្បីសុវត្ថិភាពពលរដ្ឋ មន្ត្រីកាំកុងត្រូលខេត្តកោះកុង រួមទាំងមន្ត្រីក្រោមឱវាទរួមសហការជាមួយមន្ត្រីពាណិជ្ជកម្ម នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ បានចុះត្រួតពិនិត្យរាល់មុខទំនិញ ដែលអាជីវករដាក់តាំងលក់នៅផ្សារភូមិថ្មីចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយផ្តោតសំខាន់ទៅមុខទំនិញគ្រឿងភេសជ្ជៈនំចំណីអាហារណា បន្លែផ្លែឈើដែលសារធាតុគីមី និងហួសការបរិច្ឆេទថ្ងៃខែឆ្នាំផលិត។

លោក ជា នី អនុប្រធានសាខាកាំកុងត្រូលខេត្តកោះកុង បានថ្លែងថា ការចុះប្រតិបត្តិការនេះធ្វើឡើង ដោយផ្អែកទៅលើច្បាប់ស្តីពី ការគ្រប់គ្រងគុណភាពសុវត្ថិភាពផលិតផលទំនិញ និងសេវាកិច្ចសម្របសម្រួលពាណិជ្ជកម្ម តាមរយៈគ្រប់គ្រងហនិភ័យដែលការត្រួតពិនិត្យ លក្ខណៈរូបវ័ន្តត្រួតពិនិត្យលក្ខណៈទូទៅខាងក្រៅរបស់ម្ហូបអាហារ ទៅស្លាកសញ្ញាសំបកវេចខ្ចប់ការបរិច្ឆេទ កំប៉ុងកំពិតប៉ោងរលួយ។ល។ ព្រមទាំងត្រួតពិនិត្យគុណភាព ភាពអនុលោមដោយធ្វើការវិភាគ ជាបឋមទៅផលិតផលទំនិញដោយប្រើ Test kit ដើម្បីស្វែងរកសារធាតុគីមីដែលហាមឃាត់ ដូចជាប៉ូរ៉ាក់ និងហ្វ័រម៉ាលីនជាដើម ក្នុងករណីមានការសង្ស័យត្រូវយកគំរូបញ្ជូនទៅវិភាគបន្ត នៅមន្ទីរពិសោធន៍របស់អគ្គនាយដ្ឋានកាំកុងត្រូល ដើម្បីកំណត់រកហានិភ័យ។

លោក ជា នី បានបន្តថា ជាលទ្ធផលសាខាកាំកុងត្រូល និងមន្ត្រីជំនាញមិនបានរកឃើញនៅទំនិញខូចគុណភាព ហួសការបរច្ឆេទឬផ្ទុកសារធាតុគីមីទៅលើគ្រឿងឧបភោគបរិភោគនោះទេ ព្រោះអាជីវករគាត់បានយល់ដឹងច្រើន និងចេះពិនិត្យថ្ងៃខែឆ្នាំ នៃការផលិតដោយខ្លួនក្រោយពីមន្ត្រីសាខាបានណែនាំជាច្រើន។ ចំពោះបញ្ហានេះ មន្ត្រីជំនាញធ្វើការត្រួតពិនិត្យជាបន្តបន្ទាប់ និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ហើយធ្វើការណែនាំដល់ អាជីវករឲ្យមានការយល់ដឹងកាន់ខ្ពស់ចំពោះបញ្ហានេះផងដែរ។

លោកអនុប្រធាន​ បានអំពាវរនាវដល់អ្នកនាំទំនិញចូល និងអាជីវករទាំងអស់ សូមនាំចូលតែទំនិញទាំងឡាយណា ដែលមានលក្ខណៈអនុលោមខ្ពស់គ្មានសារធាតុគីមី ថ្ងៃខែឆ្នាំផលិតត្រឹមត្រូវ ហើយមានសំបកខ្ចប់វិចខ្ចប់ត្រឹមត្រូវ មានការបរិច្ឆេទ ដើម្បីចូលរួមចំណែកដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ បរិភោគមានសុខមាលភាព និងសេដ្ឋកិច្ចហើយការចុះណែនាំដល់អាជីវករ នៅតាមលំនៅដ្ឋាន និងតាមម៉ាត ដើម្បីធ្វើការពន្យល់ពីលក្ខណៈពិសេសមុននឹងទិញយកមកលក់ឬទៅប្រើប្រាស់ឬបរិភោគ៕

Author: Virak Tep

Leave a Reply

Your email address will not be published. Required fields are marked *