អ្ន​កជំនាញសេដ្ឋកិច្ច​​វាយ​តម្លៃថា៖ សង្ហបុរី​នឹងជួប​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរបំផុត ព្រោះតែ​បញ្ហា​សង្គ្រាមពាណិជ្ជកម្ម​

សិង្ហបុរី​នឹង​ទទួលរង​ផល​ប៉ះពាល់​ខ្លាំង​ដោយ​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ និង​ធ្លាក់​ចូលក្នុង​វិបត្តិសេដ្ឋកិច្ច​នៅ​ឆ្នាំ​២០២០​ នេះ​យោង​តាម​របាយការណ៍​ ដែល​ចេញផ្សាយ​កាលពី​សប្តាហ៍​មុន​ ដោយក្រុម​ហ៊ុន​ព្យាករ​ហិរញ្ញវត្ថុ​ដែល ​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​។

របាយការណ៍​របស់​វិទ្យាស្ថាន​គណនេយ្យករ​អង់គ្លេស​ និង​វេល​ស៍​ (ICAEW​) និង​ក្រុមហ៊ុន​ព្យាករណ៍​ហិរញ្ញវត្ថុ​ Oxford​ Economics​ បាន​និយាយ​ថា​ ប្រទេស​សិង្ហបុរី​ដែល​ពឹងផ្អែក​ពាណិជ្ជកម្ម​នឹង​ក្លាយជា​ប្រទេស ​ដែល​មាន​គ្រោះថ្នាក់​បំផុត​ក្នុងចំណោម​បណ្តា​ប្រទេស​អាស៊ាន​ពី​ផល​ប៉ះពាល់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​អាម៉េរិក​ និង​ចិន​ហើយនឹង​ធ្លាក់​ចូលក្នុង​វិបត្តិសេដ្ឋកិច្ច​នៅ​ឆ្នាំក្រោយ​។

លោក​ Mark​ Billington​ នាយក​ប្រចាំ​តំបន់​របស់​ ICAEW​ បាន​មានប្រសាសន៍​ថា​ “ជាមួយនឹង​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ប្រទេស​ចិន​ និង​ការពឹងផ្អែក​លើ​ការនាំចេញ​ យើង​រំពឹង​ថា​ ប្រទេស​សឹង្ហ​បុរី​នឹង​ទទួលរង​នូវ​ការ​ធ្លាក់ចុះ​នៃ​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP​) នៅ​ទូទាំង​តំបន់​នេះ​ដោយ​សេដ្ឋកិច្ច​របស់​ខ្លួន​ទំនងជា​នឹង​ធ្លាក់​ចូលក្នុង​វិបត្តិសេដ្ឋកិច្ច​នៅ​ឆ្នាំ​២០២០​។ កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​សិង្ហបុរី​នឹង​ទទួលរង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ក្នុង​ឆ្នាំនេះ​ ខណៈ​ពេល​ដែល​អត្រាកំណើន​៣ ភាគរយ​របស់​ខ្លួន​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ធ្លាក់ចុះ​ដល់​១,៩​ ភាគរយ​នៅ​ឆ្នាំ​២០១៩នេះ​។

កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​សឹង្ហ​បុរី​នឹង​ត្រូវ​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ក្នុងចំណោម​បណ្តា​ប្រទេស​អាស៊ាន​ទាំងអស់ ​ដែល​មាន​អត្រា​ព្យាករណ៍​ជាមធ្យម​ចំនួន​៥ភាគរយ​ សម្រាប់​តំបន់​ទាំងមូល​របាយការណ៍​ស្រាវជ្រាវ​របស់​ការិយាល័យ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន​ + ៣ (Amro​) នៅ​ឆ្នាំនេះ​ បាន​ឲ្យដឹង​ថា​ សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម​នៅ​អាស៊ី​ដូចជា​ហុងកុង​ កូរ៉េ​ខាងត្បូង​ ម៉ាឡេស៊ី​ និង​សិង្ហបុរី​នឹង​ទទួលរង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ពី​ការ​កើតឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​។

ខណៈ​ពេល​ដែល​សេដ្ឋកិច្ច​អាស៊ាន​ទាំងអស់​ត្រូវ​បាន​រំពឹង​ថា​នឹង​ថយ​ចុះ​ វៀតណាម​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បន្ត​កើនឡើង​ជិត​ ៧ ភាគរយ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​។ យោង​តាម​ការស្រាវជ្រាវ​ដែល​ចុះផ្សាយ​ដោយ​ធនាគារ​ DBS​ Bank​ Ltd​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​បានឱ្យ​ដឹង​ថា​ សេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាម​ត្រូវ​បាន​រំពឹង​ថា​នឹង​កើន​លើស​ប្រទេស​សិង្ហបុរី​ក្នុងរយៈពេល​១០​ឆ្នាំខាងមុខ​។

លោក​ Irvin​ Seah​ សេដ្ឋវិទូ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​បាន​ថ្លែង​ថា​ “ប្រសិនបើ​វៀតណាម​អាច​រក្សា​ កំណើន​សេដ្ឋកិច្ច​បាន​នោះ​ សេដ្ឋកិច្ច​វៀតណាម​នឹង​ធំជាង​ទំហំ​សេដ្ឋកិច្ច​សិង្ហបុរី​ក្នុងរយៈពេល​១០​ឆ្នាំខាងមុខ​”៕

Author: Virak Tep

Leave a Reply

Your email address will not be published. Required fields are marked *