លោក​មេឃុំ​គោកធ្លកលើ និង​លោកស្មៀន​ ប្រើល្បិច​កន្ទេលធំបន្លំ​ដេក​ ធ្វើ​ឯកសារ​ជាន់លើគ្នា​បន្លំ​ឲ្យឈ្មួញ​យកដីព្រៃរដ្ឋ​យ៉ាង​គឃ្លើន​

សៀម​រាប ៖ ករណី​នឹក​ស្មានមិនដល់​ ដែលអាជ្ញាធរ​ដែនដី​ ស្មៀន​ឃុំ និង​លោកមេឃុំគោកធ្លកលើ​ បា​នឃុបឃិត​គ្នា​ជា​ប្រពន្ធ័​រំលោភ​យក​ដី​របស់​ប្រជាពលរដ្ឋ​យ៉ាង​គឃ្លើន​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រងទុក្ខ​ជាពន់ពេក​ និងដីព្រៃ​របស់រដ្ឋ​ ដែ​លករណីនេះបានកើតឡើង​ស្ថិតនៅ​ក្នុង​ឃុំគោក​ធ្លក​លើ ស្រុកជីក្រែង​ ខេត្តសៀមរាប។

យោងតាម​ប្រភព​ពីប្រជាពលរដ្ឋ​ បាន​ឲ្យដឹងថា កន្លងមក​ស្មៀនឈ្មោះ ស៊ិច​​ និង​លោកមេឃុំឈ្មោះ ទ្រី​ សហការជាមួយបុគ្គលម្នាក់ឈ្មោះ ណោ ថុង ជាឈ្មួញទិញដី​ដ៏សកម្មក្នុង​ខេត្តសៀមរាប។ អ្នកទាំង​បី បាន​លួច​យក​ដី​របស់​ប្រជាពលរដ្ឋ​ចំនួន​២០ហិកតា​ របស់​ប្រជាពលរដ្ឋ​ម្តង​រួចមក​ហើយ​ ដោយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋនាំគ្នា​ធ្វើការតវ៉ា​យ៉ាង​ខ្លាំង​ ព្រោះ​ជា​រឿង​មិនត្រឹម​ត្រូវ​ទាល់តែសោះ​សម្រាប់ពួកគាត់​ ជាប្រជាពលរដ្ឋ​ស្លូតត្រង់​។ ទន្ទឹម​នឹងនេះ កាលពីពេលថ្មីៗនេះ​ជនទាំង​បី​ មានគម្រោង​យកដីរបស់​ប្រជាពលរដ្ឋ ​កំពុង​​អាស្រ័យផល​ចំនួន២០ហិកតា​ទៀត ហើយ​លោកមេឃុំ និង​ស្មៀនកំពុង​ធ្វើឯកសារ​ជាន់លើគ្នា គោលបំណង​យកដីព្រៃរបស់រដ្ឋបន្ថែមទៀត។

ប្រភព​បន្តថា ដី​ចំនួន​ជាង​២០ហិកតា និង​ដីរបស់រដ្ឋ​ជាង​១០០ហិកតា​ ស្ថិតនៅ​ភូមិថ្នល់ និងភូមិស្លែងកោង ឃុំគោកធ្លក​លើ​ ស្រុកជីក្រែង​​ ខេត្តសៀមរាប ដែល​ប្រជាពលរដ្ឋ​កំពុង​ធ្វើការ​កាន់កាប់​ និង​អាស្រ័យផលជារៀ​ង​រាល់ថ្ងៃ​ ត្រូវបាន​បុគ្គល​ឈ្មោះ​ ណោ ថុង បានធ្វើការរំលោភ​យក​បាន​មួយ​ចំនួន​។ បុគ្គលនេះ​ត្រូវ​បាន​អនុញ្ញាតដោយ​មេឃុំ ព្រោះតែផលប្រយោជន៍​ធំ ហើយ​បានឈូសឆាយ​ដីព្រៃឈើយកធ្វើជាកម្មសិទ្ធយ៉ាង​គឃ្លើនតែម្តង ដែលគ្មាន​មន្ត្រីជំនាញ​ណាដឹងលឺទាល់តែសោះ។

ចំពោះករណី​នេះ អង្គភាពព័ត៌មានយើងខ្ញុំ​មិនទាន់អាចធ្វើការទំនាក់ទំនង​ទៅកាន់​​លោកមេឃុំ និង​លោក​ស្មៀន​ឃុំ​គោកធ្លកលើបានទេ ដោយឡែក​បុគ្គល​ ណោ ថុង ក៏ពុំអាចទំនាក់ទំនងបានដែរ​ ព្រោះពុំមានលេខទូរសព្ទ័ទំនាក់ទំនង​។

ទាក់ទិនករណី​នេះ ប្រជាពលរដ្ឋ​សូមធ្វើការ​សំណូម​ពរ​ដល់​ឯកឧត្តម​ ទៀ សីហា អភិបាលខេត្តសៀមរាប លោកប្រធាន​មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ ប្រធានមន្ទីរបរិស្ថានខេត្ត​ លោកអភិបាល​ស្រុក​ជីក្រែង​ សូមមេត្តាពិនិត្យ​ចំពោះករណី​បុគ្គលទាំង​៣នេះ កុំឲ្យធ្វើការ​រំលោភបំពានដីពលរដ្ឋ​ និង​ដីព្រៃរបស់រដ្ឋ​បែបនេះបន្តទៀត៕

Author: Virak Tep

Leave a Reply

Your email address will not be published. Required fields are marked *