ទីតាំង​ឆ្នេរសមុទ្រ​ដ៏សែន​ស្រស់ស្អាត​មួយ​នៅប្រទេស​ថៃ ត្រូវ​បាន​ផ្អាក​ការចូល​លេងកម្សាន្ត​រហូត​ដល់ឆ្នាំ២០២១

Maya Bay គឺជាតំបន់ឆ្នេរដែលល្បីល្បាញមួយក្នុងប្រទេសថៃនៅក្នុងរឿង The Beach សម្ដែងដោយ Leonardo DiCaprio (តួឯកប្រុសក្នុងរឿងកាប៉ាល់ Titanic) ដែលធ្វើឱ្យតំបន់ឆ្នេរមួយនេះ កាន់តែទាក់ទាញភ្ញៀវទេសចរណ៍ច្រើន​ឡើងៗ ប៉ុន្តែមកដល់ពេលនេះ ឆ្នេរ Maya Bay ត្រូវបានផ្អាកភ្ញៀវទេសចរណ៍ មិនឱ្យមកកំសាន្ដដោយសារបញ្ហា​បរិស្ថាន។

បើតាមរយៈលោក ថុនត្រាមរ៉ុង​ ណាវវ៉ាត ជាទីប្រឹក្សានាយកដ្ឋានឧទ្យានជាតិបានប្រាប់ AFP កាលពីថ្ងៃព្រហស្បតិ៍ថាការហាមឃាត់លើអ្នកទស្សនានឹងត្រូវបានពន្យាររហូតដល់ពាក់កណ្តាលឆ្នាំ២០២១។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានប្រទេសថៃ បានឱ្យដឹងឆ្នេរសមុទ្រដ៏ល្បីល្បាញមួយនេះ បានទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្តយ៉ាង​ច្រើនរហូតដល់៣៨លាននាក់ ប៉ុន្តែការបំផ្លាញបរិស្ថាន និងធម្មជាតិក៏មានច្រើនផងដែរ បើទោះជាក្រុមអភិរក្សបានកំណត់ចំនួនភ្ញៀវទេសចរណ៍ត្រឹមតែ៥,០០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃក៏ដោយ។

បើតាមការស្រាវជ្រាវរបស់ សាស្ត្រាចារ្យនៅមហាវិទ្យាល័យ Kasetsart University បានបង្ហាញថា ៨០% នៃផ្កាថ្ម ធន​ធានក្នុងសមុទ្រ និងអេកូឡូស៊ី នៃតំបន់នោះត្រូវបានបំផ្លាញ ដោយសារការកើនឡើងនៃភ្ញៀវទេសចរណ៍ និងសណ្ឋាគារនៅទីនោះ ដែលជាហេតុធ្វើឲ្យគេសម្រេចចិត្តផ្អាកទេសចរណ៍តំបន់នោះមួយរយៈ។

គួរជម្រាបផងដែរថា ឆ្នេរ Maya Bay ដែលស្ថិតនៅលើកោះ Phi Phi Leh ត្រូវបានហ៊ុមព័ទ្ធដោយភ្នំជាថ្មកំបោរ ធ្វើឲ្យទឹកសមុទ្រថ្លាស្អាតខៀវស្រងាត់ អបជាមួយឆ្នេរខ្សាច់សម៉ត់ សម្រាប់ភ្ញៀវទេសចរណ៍កំសាន្ដ ហើយវាក៏ត្រូវបានរដ្ឋាភិបាលប្រទេសថៃដាក់ចូលជាឧស្យាន្ដជាតិរបស់ប្រទេសផងដែរ៕

Author: Virak Tep

Leave a Reply

Your email address will not be published. Required fields are marked *