
កោះកុង ៖ បច្ចុប្បន្នសកម្មភាពកាប់ទន្ទ្រានយកដីព្រៃលិច ព្រៃកោងកាង ស្ថិតនៅក្នុងឃុំចំនួន២ គឺទទួលគគីរ និងឃុំប៉ាក់ខ្លង ខេត្តកោះកុង កំពុងត្រូវបានក្រុមឈ្មួញមានអំណាច បានប្រើសិទ្ធរបស់ខ្លួនក្នុងការទន្ទ្រានយកដីចំណីព្រែក លុបសមុទ្រ យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនយ៉ាងគឃ្លើនតែម្តង សូម្បីតែអាជ្ញាធរក៏មិនហ៊ានប្រតិកម្មសូម្បីតែបន្តិច។
បើតាមប្រភពពីប្រជាពលរដ្ឋ បានថ្លែងប្រាប់ថា ក្រុមឈ្មួញបានធ្វើសកម្មភាពដោយបានជួលកម្មករមកអារឈើ និងបានកាយដីយកមកលុបដីសមុទ្រ ដីព្រែក ទាំងកំរោលតែម្តង អាជ្ញាធរបានត្រឹមតែអោបដៃរមើល និងបានត្រឹមតែលើកពីការអំពាវនាវរបស់លោកជំទាវអភិបាលខេត្តតែប៉ុណ្ណោះ ប៉ុន្តែមិនអាចធ្វើអ្វីបានចំពោះក្រុមឈ្មួញនោះទេ។ ទីតាំងខ្លះក្រុមឈ្មួញ ថែមទាំងបានយកដីប្រជាពលរដ្ឋធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនទៀត ដោយគ្មានញញើតនឹងផ្លូវច្បាប់សូម្បីតែបន្តិច ព្រោះថា ពួកគេជាអ្នកមានលុយ និងអំណាច ហើយថែមទាំងបានសហការគ្នាយ៉ាងជិតស្និតជាមួយជំនាញទៀតផង។
កន្លងមកលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានធ្វើការប្រកាស និងអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាកុំចាញ់ល្បិចញុះញង់បោកបញ្ឆោតរបស់ជនឆ្លៀតឳកាសមួយចំនួន ដែលចង់បានតែផលប្រយោជន៍ផ្ទាល់ខ្លួន។ ដូច្នេះសូមបងប្អូនបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ ដោយខុសច្បាប់យកមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ឬលក់ឲ្យអ្នកដ៏ទៃ ដែលអាចប្រឈមមុខនឹងផ្លូវច្បាប់។
ប៉ុន្តែជាក់ស្តែង ការអំពាវនាវរបស់អភិបាលខេត្ត បានត្រឹមតែការអំពាវនាវនោះទេ ដោយសារតែមន្ត្រីថ្នាក់ក្រោមមិនបានយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដោយបានបណ្តែតបណ្តោយឲ្យមានបទល្មើសកាប់ទន្ទ្រានយកដីព្រៃរបស់រដ្ឋ និងដីមាត់សមុទ្រ យកធ្វើជាកម្មសិទ្ធរបស់ខ្លួនយ៉ាងរំភើយ។
ជុំវិញបញ្ហាខាងលើ ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា លោកធ្លាប់បានប្រាប់ក្រុមអ្នកសារព័ត៌មានអោយដឹងថា រឿងរ៉ាវចាក់ដីលុបព្រែកនៅឃុំប៉ាក់ខ្លង លោកបានចុះធ្វើការហាមឃាត់រួចហើយ និងបានធ្វើរបាយការណ៍ជូនដល់ថ្នាក់ខេត្តរួចហើយដែរ តែចំពោះចំណាត់ការបន្តយ៉ាងណានោះលោកក៏កំពុងរងចាំចម្លើយពីថ្នាក់ខេត្តដែរ។
ដោយឡែក លោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកោះកុងវិញ ពុំទាន់អាចទំនាក់ទំនងសុំការបំភ្លឺបាននៅឡើយទេទាក់ទិននិងការកាប់រុករានទន្ទ្រានយកដីព្រៃលិចទឹក ព្រៃកោងកាង ក្នុងតំបន់អភិរក្សដែលគ្រប់ដោយក្រសួងបរិស្ថាន និងការចាក់លុបព្រែក ពិសេសការចាក់លុបសមុទ្រនៅចំនុចពយជិនទុង ភូមិជ្រោយស្វាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ពីសំណាក់មន្ត្រីយោធាជើងទឹកថ្នាក់ឩត្តមសេនីយ៍ ហួរ ហាប់។
គួររំលឹកថា ការទន្ទ្រានដីព្រៃលិចទឹក និងចាក់លុបព្រែក សមុទ្រ ដែលជាសម្បត្តិសារធារណះរបស់រដ្ឋ បានកើតឡើងស្ទើរគ្រប់គ្រប់ស្រុកក្នុងខេត្តកោះកុង កត្តាទាំងនេះបានកើតឡើងដោយសារតែតម្លៃដីក្នុងខេត្តកោះកុងកំពុងឡើងថ្លៃ ពិសេសក្នុងស្រុកបុទុមសាគរ និងស្រុកគិរីសាគរ ជាដើម៕