ទីតាំង​ចាក់បាល់អនឡាញ​​ក្នុង​សង្កាត់​បឹងកេងកង​២ ដំណើរ​ការ​យ៉ាងរលូន​លោកចៅហ្វាយ​ខណ្ឌបិទភ្នែកមិន​បង្ក្រាប​

ភ្នំពេញ ៖ ទីតាំង​ណេត​ដុះស្លែ​មួយ​កន្លែង​ គ្មាន​យីហោទាល់តែសោះ បានបើក​ឲ្យមានការចាក់ល្បែង​ស៊ីសង​តាមចិត្ត​ ដែលស្ថិតនៅតាម​បណ្តោយផ្លូវ​២៧៦ សង្កាត់​បឹងកេង​កង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលគ្មាន​​ការ​បង្ក្រាប​ពីសំណាក់អាជ្ញាធរ​ខណ្ឌ ឬក៏សមត្ថកិច្ច​មូលដ្ឋាន​ទាល់តែសោះ ជាពិសេស​លោកចៅហ្វាយ​ខណ្ឌកាន់តែបិទភ្នែក​ធ្វើ​មិនឃើញដដែល​។

ទីតាំង​ខាងលើនេះ បាន​បើក​ឲ្យអ្នកញៀន​ល្បែង​ចូលលេង​យ៉ាង​សេរី គ្មាន​ញញើត​នឹងឥទ្ធិពល​លោកចៅហ្វាយ​ខណ្ឌចំការមនទេ ព្រោះថា គេបានបើក​លេង​ដោយ​សេរីយ៉ាង​ដូច្នេះ អាជ្ញាធរ​បាន​សម្ងំមិន​បង្ក្រាប​ ទើប​គេកាន់តែបាន​ចិត្ត​ ទោះបីសារព័ត៌មាន​ផ្សាយ​ល្បីដល់ជើងមេឃ ក៏គ្មាន​ប្រតិកម្មពីលោកចៅហ្វាយខណ្ឌដែរ​។ ទីតាំងនេះមិន​ដឹងអ្នក​បើក​ល្បែង​ចាក់បាល់ខ្សែធំប៉ុណ្ណានោះទេ កន្លងមក​ល្បីថា ជារប​ស់​លោកធំម្នាក់​ជាអ្នក​បើក​។

គួរ​រំលឹក​ថា​ កាលពីមុនចូលឆ្នាំ​យុវជន​មួយ​ក្រុម​ បានធ្វើការសម្អាត​បរិស្ថានយ៉ាង​ស្អាតតាម​ប្រឡាយ​លូបឹងត្របែក ដោយ​មានការគាំទ្រពី​មហាជន​យ៉ាង​ច្រើន​។ ម្យ៉ាង​វិញទៀតដើម្បី​ឲ្យមានការរួមសាមគ្គី​ភាព​ និង​ស្វែង​យល់ពីផលល្អនៃបរិស្ថាន​ ក្រុម​យុវជនសម្រាម​បានមូលមតិគ្នា​ ធ្វើ​សង្ក្រាន្តឆ្នាំថ្មី នៅទីតាំង​ដែល​បាន​សម្អាត​រួច ប៉ុន្តែ​បែជាអាជ្ញាធរ​ខណ្ឌចំការមន​ បានចុះមកធ្វើការ​ហាមឃាត់ ដោយអនុញ្ញាត​ឲ្យធ្វើទាល់តែសោះ ដោយ​ប្រើលេសថា ក្រុម​យុវជនសម្រាម​មិន​បានសុំច្បាប់។

មហាជនបានមានចម្ងល់បន្ថែមថា ប្រសិន​​បើការអភិវឌ្ឍន៍ជាតិ​ឲ្យយុវជនមានការសាមគ្គីមានការ​ហាម​ឃាត់ដូច្នេះ ចុះល្បែង​ស៊ីសង​ក្នុងមូលដ្ឋាន​លោកចៅហ្វាយខណ្ឌ ម្តេច​មិន​ឲ្យគេសុំច្បាប់ផង? ក្នុងនាម​ជាមន្ត្រីមូលដ្ឋាន​ ម្តេច​បានជាបណ្តែតបណ្តោយ​យ៉ាងសេរីដូច្នេះ គួរ​ណាតែធ្វើការ​បង្ក្រាប​ឲ្យបានម៉ត់ចត់ តាមគោលការណ៍ភូមិ​ឃុំមានសុវត្ថិភាព​ទាំង៩ចំណុច​របស់រាជរដ្ឋាភិបាល​ ដែលបាន​អនុវត្ថន៍​ឲ្យ​ប្រើប្រាស់​បច្ចុប្បន្ន​។

ជុំវិញបញ្ហានេះ​ ប្រជាពលរដ្ឋ​មានជំនឿចិត្ត​លើ​លោក ព្រំ សំខាន់ អភិបាលខណ្ឌចំការមន​ នឹងអាច​មានវិធានការណ៍​ក្នុង​ការ​បង្ក្រាប​ទីតាំង​​ភ្នាល់បាល់​​ តាម​បទបញ្ហា​របស់​លោកអភិបាលរាជធានីភ្នំបេញ​ ដែល​កន្លងមក​លោកបានបញ្ជា​ឲ្យ​អាជ្ញាធរខណ្ឌទាំង​១២ ក្នុង​រាជធានីភ្នំពេញ លុប​បំបាត់រាល់ល្បែងស៊ីសង​ទាំង​អស់​៕

Author: Virak Tep

Leave a Reply

Your email address will not be published. Required fields are marked *