ព្រៃផ្សៃខ្លាំងណាស់ ! ព្រោះតែលុយ២ម៉ឺនរៀល​ជនដៃដល់បាន​ចាប់ក្មេង​មក​ចាក់សាំង​ដុតទាំងរស់​ បណ្តាល​ឲ្យឆេះ​រោលខ្លោច​ពេញខ្លួន​

សៀមរាប ៖ ស្ដ្រីតែងខ្លួនជាប្រុសម្នាក់ ត្រូវ កម្លាំងនគរបាលខេត្តសៀមរាប ស្រាវជ្រាវតាមចាប់ខ្លួន បានហើយ ក្រោយធ្វើសកម្មភាពចាក់សាំងដុតក្មេង បណ្ដាលឲ្យឆេះពេញខ្លួនប្រាណ ព្រោះខឹងលួចលុយ២ម៉ឺនរៀល។

ហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោងជាង១១ព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ នៅភូមិកោកក្នាំង ឃុំរើល ស្រុកពួក ខេត្តសៀមរាប និងធ្វើឲ្យផ្អើលពេញបណ្ដាញសង្គម Facebook អំពាវនាវឲ្យសមត្ថកិច្ចតាមស្រាវជ្រាវចាប់ជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់។

ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង បានប្រាប់សារព័ត៌មាន​ ឲ្យដឹងនៅយប់ថ្ងៃទី២២ ខែមីនានេះថា ក្រោយទទួលបានព័ត៌មាននេះ លោកបានបញ្ជាកម្លាំងជំនាញស្រាវជ្រាវជាបន្ទាន់ និងឈានដល់ការឃាត់ខ្លួនស្ដ្រី (តែងខ្លួនជាប្រុស) ដែលជាជនបង្ក ឈ្មោះ តែម មឿត អាយុ៣៩ឆ្នាំ។ ដោយឡែក ក្មេងប្រុសរងគ្រោះឈ្មោះ ពន ប៉ិន អាយុ៩ឆ្នាំ ជាអ្នកជិតខាងគ្នារស់នៅក្នុងភូមិជុំគ្នា។

បើតាមលោកឧត្តមសេនីយ៍ស្នងការ មូលហេតុដែលស្ដ្រីជនដៃដល់ ធ្វើសកម្មភាពបែបនេះ ដោយសារតែខឹងក្មេងប្រុសខាងលើ ចូលលួចលុយរបស់ខ្លួន ចំនួន២ម៉ឺនរៀល ហើយខ្លួនបានចាក់សាំងមួយគំរបដប ចាក់លើអាវដុតក្មេងតែម្ដង បណ្តាលឲ្យជនរងគ្រោះឆេះរលាត់ស្បែកមួយចំហៀងខ្លូនផ្នែកខាងឆ្វេង។

លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង បានបន្ដថា ក្រោយហេតុក្មេងរងគ្រោះ ត្រូវបានគេជួយសង្គ្រោះទាន់ពេល ហើយបញ្ជូន ទៅ ព្យាបាលនៅមន្ទីពេទ្យជ័យវរ្ម័នទី៧ ដែលរហូតមកដល់ពេលនេះ បានរួចផុតពីគ្រោះថ្នាក់ហើយ។ ដោយឡែក សម្រាប់ជនបង្កសមត្ថកិច្ចនឹងបញ្ជូនទៅតុលាការនៅព្រឹកស្អែក ដើម្បី ផ្ដន្ទាទោសតាមផ្លូវច្បាប់៕

Author: Virak Tep

Leave a Reply

Your email address will not be published. Required fields are marked *