សោម​ សម្បត្តិ​ ៖ បុគ្គល​ណា​មិ​នគោរព​ពេលវេលាបុគ្គលនោះ​ជាមនុស្ស​ដែល​ពិបាក​ទុក​ចិត្ត​បាន​

ពេលវេលាពិតជាមានតម្លៃណាស់សម្រាប់មនុស្សយើង ហើយបុគ្គលដែលជោគជ័យទាំងឡាយនៅលើពិភពលោកពួកគាត់តែងតែទុកពេលវេលា របស់ពួកគាត់គឺជាគ្រាប់ពេជ្រដ៏មានតម្លៃ និងជាទ្រព្យសម្បត្តិដ៏មហាសាលរបស់ពួកគាត់។

នៅលើពិភពលោកមិនថា អ្នកធ្វើការ អ្នករកស៊ី ឬអ្នកធ្វើជំនួញធំៗ ទាំងក្នុងទ្វីបអាស៊ី និងអ៊ឺរ៉ុប គឺពួកគេគោរពពេលវេលាណាស់ ដោយសារតែពួកគេអោយតម្លៃទៅលើពេលវេលាដែលគេមានទោះតិច ឬច្រើនក៏ដោយ។ រាល់ការណាត់​ជួប ការប្រជុំការទំនាក់ទំនង និងការពិភាក្សារការងារផ្សេងៗ គឺពួកគេមិនដែលអោយមានការខកខានសូម្បីតែមួយនាទីឡើយ។

លោក សោម សម្បត្តិ គឺជាស្ថាបនិកក្រុមហ៊ុន Campaint (ថ្នាំព៌ណជាតិ) ក៏ធ្លាប់បានលើកឡើងដែរថា “បើបុគ្គលណាមួយដែលគោរពពេលវេលាមិនបាន បុគ្គលនោះក៏ពិបាកទុកចិត្តបានដែរ។ ជាការពិតមតិដែលលោក សោម សម្បត្តិ បានលើកឡើងមកនេះគឺជាមតិមួយក្រើនរំលឹក និងដាស់តឿនដល់យើងទាំងអស់គ្នា ជាពិសេសបុគ្គលដែលខ្ជះខ្ជាយពេលវេលានៅក្នុងការរស់នៅ ក៏ដូចជាការបំពេញកិច្ចការងារអ្វីមួយ។ ហើយមតិដែលលោកបានលើកឡើងមក​នេះ គឺលោកបង់បង្ហាញថា ប្រសិនបើបុគ្គលណាម្នាក់ដែលមិនចេះគោរពពេលវេលា និងមិនមានការកំណត់ពេលវេលា​ឲ្យបានច្បាស់លាស់នោះទេ បុគ្គលនោះគឺពិបាកនិងទុកចិត្តបានណាស់។

មូលហេតុដែលធ្វើអោយអ្នកដ៏ទៃមិនមានទំនុកចិត្ត គឺដោយសារតែបុគ្គលមិនគោរពពេលវេលាគឺជាបុគ្គលមួយដែលមិនមានការកំណត់ខ្លួនឯងអោយបានច្បាស់លាស់ និងមិនមានការដាក់កំណត់ខ្លួនឯង អោយបានប្រាកដប្រជា ហើយ​ចំណុចធំបំផុតមួយទៀតនោះគឺ បុគ្គលមិនគោរពពេលវេលា គឺជាបុគ្គលមិនអោយតម្លៃពេលវេលាតែម្តង។

បើតាមសម្តី និងបទពិសោធន៍ទាំងនេះគឺអាចបញ្ជាក់អោយយើងដឹងថាប្រសិនបើអ្នកជាបុគ្គលដែលមិនចេះគោរពពេល​វេលា​អោយបានទៀតទាត់នោះទេ អ្នកអាចប្រឈមមុខ និងការបាត់បង់ទំនុកចិត្តពីមនុស្សទាំងឡាយដែលនៅជុំវិញ​ខ្លួនអ្នកជាក់ជាមិនខាន។

ដូច្នេះហើយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាក្នុងការទំនាក់ទំនងផ្សេងៗ ក្នុងសង្គមរស់នៅ ក៏ដូចជាក្នុងសង្គមការងារអ្នក​ត្រូវតែគោរពបេលវេលាអោយបានទៀតទាត់បំផុត នោះទើបអ្នកអាចទទួលបានទំនុកចិត្តពីអ្នកដ៏ទៃបាន៕

Author: LIVE-DAILY

Leave a Reply

Your email address will not be published. Required fields are marked *